រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន វិនស៊ី ខុនស្ត្រាក់សិន ហ្កង់ ប្រូហ្សេ បានចុះហត្ថលេខាលើកិច្ចសន្យា addendum No.2 លើការងារឌីហ្សាញ និងការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
បន្ទាប់ពីចុះកិច្ចសន្យារួចរាល់ហើយនោះ រោងចក្រទឹកស្អាតបាក់ខែងជំហានទី៣ ដែលមានតម្លៃជិត២៥០លានដុល្លារ និងមានសមត្ថភាពទឹកស្អាត១៩៥ពាន់ម៉ែត្រគូប នឹងចាប់ផ្តើមសាងសង់នៅខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតនៅរាជធានីភ្នំពេញ និងបង្កើនការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋចំណូលទាប ព្រមទាំងជួយបង្កើនសម្ពាធទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គូសបញ្ជាក់ថា គម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែងជំហានទី៣នេះ គឺជាគម្រោងសហហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា, រដ្ឋាភិបាលបារាំង និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានទំហំទឹកប្រាក់សរុប២៤៧លានដុល្លារអាមេរិក ក្នុងនោះកម្ចីសម្បទានពីរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានទឹកប្រាក់ចំនួន ២០៥លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានចំនួន៤២លានដុល្លារអាមេរិក។
យោងតាមការសិក្សាសមិទ្ធិលទ្ធភាព ការផលិតទឹកស្អាតរបស់រោងចក្របាក់ខែង ជំហានទី៣នេះ នឹងផ្គត់ផ្គង់នៅតាមបណ្តាយផ្លូវជាតិលេខ៦A ប៉ែកខាងជើង និងខាងត្បូងរាជធានីភ្នំពេញ និងតាមព្រំប្រទល់កំពង់ស្ពឺ-ភ្នំពេញ៕