ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានសម្រេចឱ្យអនុវត្តគម្រោងតម្លៃប្រមាណ ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទឹកលិចភ្នំពេញ។ សម្តេចធិបតី បានឲ្យដឹងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជា្ញធរទន្លេសាប ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃពុធ ទី១០ មេសា ឆ្នាំ២០២៤។
គួរឲ្យដឹងថា ទឹកជំនន់នៅរាជធានីភ្នំពេញកើតឡើងក្នុងតំបន់ទំនាបលិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយនៅរដូវវស្សារាជធានីភ្នំពេញ តែងប្រឈមនិងបញ្ហាលិចលង់។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំយ៉ាងយូរ នៅរដូវភ្លៀងធម្មតា ដោយត្រូវអនុលោមតាមផែនការមេ ច្បាស់លាស់ នៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។
ជាក់ស្តែង អាជ្ញាធរពាក់ព័ន្ធកំពុងជីកស្តារប្រឡាយធ្វើទំនើបកម្មលើប្រព័ន្ធរំដោះទឹក និងពង្វាងទឹក ដើម្បីបញ្ចៀសការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៨។ នៅពេលគម្រោងនេះបានបញ្ចប់ រាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងលែងមានទឹកជំនន់ជន់លិចធ្ងន់ធ្ងរដូចប៉ុន្មានឆ្នាំចុងក្រោយនេះទៀតហើយ ដោយសារការកែលំអ និងបង្កើតអាងស្តុកទឹកធំៗបន្ថែមទៀត ដើម្បីបញ្ចៀសទឹកពីប្រភពមួយចំនួនមិនឱ្យចូលស្ទឹងព្រែកត្នោត៕
អត្ថបទ៖ អក្ខរា