លោកតា ហ្វុយហ្សូ ប្រាប់ពីផលលំបាកនៅពេលដែលស្នើសុំស្ថាប័នធំៗសម្តែងរបាំត្រុដិក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ !

ជារៀងរាល់ឆ្នាំក្រុមសិល្បៈរបស់លោកតា ហ្វុយហ្សូ តែងតែចេញសម្តែងរបាំ ត្រុដិ និងរបាំប្រពៃណី ផ្សេងៗទៀតនៅតាមស្ថាប័នធំៗនានា ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ប៉ុន្តែនៅពេលពីក្រោយនៃការសុំនោះ គឺក្រុមរបស់លោកតា ជួបនូវការលំបាកជាច្រើនទំរាំបានចេញសម្តែងម្តងៗ ។ 

ដូចទស្សនិកជនដឹងស្រាប់ហើយថា របាំត្រុដិ គឺច្រើនតែធ្វើឡើងនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដើម្បីដេញឧបទ្រោបចង្រៃ ឆ្នាំចាស់ផុតទៅ ឆ្នាំថ្មីមកដល់ បច្ចុប្បន្នរបាំត្រុដិ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ប៉ុន្តែការសម្តែងរបាំត្រុដិ នាពេលនេះគឺខុសពីពេលមុន ដោយសារមានក្រុមសិល្បៈមួយចំនួនពុំទទួលបានការសិក្សាត្រឹមត្រូវឡើយ ហើយក៏សម្តែងបែបលក្ខណៈដើររៃអង្គាសប្រាក់តាមផ្សារ និងតាមតំបន់នានា..។ 

ចំពោះសិល្បករនៅវ័យក្មេងនៅក្នុងក្រុមសម្តែងរបស់លោកតា ហ្វុយហ្សូ វិញ ពួកគេសុទ្ធសឹងតែជាក្មេងកំព្រា ដែលត្រូវបានលោកតា ហ្វុយហ្សូ រើសយកមកបណ្តុះបណ្តាលឱ្យមានជំនាញខាងផ្នែកសិល្បៈនៅក្នុងខ្លួនយ៉ាងពិតប្រាកដ ដើម្បីយកចំណេះទាំងនោះទៅបំពេញការងារដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។

លោកតា ហ្វុយហ្សូ បានឱ្យដឹងថា ទំរាំតែក្រុមសម្តែងរបស់លោកតាបានចេញសម្តែងនៅក្នុងស្ថាប័នធំៗ គឺខាងក្រុមរបស់លោកតា ត្រូវរៀបចំឯកសារឱ្យបានត្រឹមត្រូវដើម្បីស្នើរសុំរាប់ខែ ជាក់ស្តែងដូចជាការសម្តែងរបាំត្រុដិជាដើម គឺយើងមិនមែនចេះតែចេញសម្តែងតាមពាសវាលពាសកាលនោះទេ គឺយើងត្រូវស្នើរសុំទៅតាមផ្លូវច្បាប់ កន្លែងខ្លះក៏អនុញាតិ កន្លែងខ្លះក៏មិនអនុញាតិ ហើយត្រូវរងចាំ និងចំណាយពេលវេលាយូរទំរាំតែគេឆ្លើយតប ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ការសម្តែងរបាំត្រុដិត្រូវសម្តែងឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ។ 

ស្របពេលបង្ហាញពីផលលំបាកក្នុងការចេញសម្តែងរបាំត្រុដិតាមស្ថាប័នធំៗនោះនៅក្នុងឆ្នាំ ២០២៤ នេះ លោកតា ហ្វុយហ្សូ និងកូនៗរបស់លោកតាក៏បាននាំគ្នាចេញថតរបាំត្រុដិទុកជាឯកសារ ទុកជាស្នាដៃសម្រាប់កូនចៅជំនាន់ក្រោយ បានយល់ដឹងកាន់តែច្បាស់ពីអត្ថន័យនៃ របាំត្រុដិ ។ ម្យ៉ាងវិញទៀតឆ្នាំនេះលោកតាមានវ័យ ៨១ ឆ្នាំហើយ សុខភាពក៏មិនសូវល្អប្រសើរប៉ុន្មានទេ ។ 

គួរបញ្ជាក់ផងដែរថា លោកតា ហ្វុយហ្សូ គឺជាគ្រូសិល្បៈបុរាណជើងចាស់ដ៏ល្បីឈ្មោះដែលមានឈ្មោះពិតថា ស៊ូ សាវ៉ាង ។ លោកបានបណ្តុះបណ្តាលនិងជួយដល់កុមារកំព្រាឱ្យមានជំនាញខាងសិល្បៈរយៈពេលជិត ៥០ ឆ្នាំហើយ ដោយក្តីស្រឡាញ់ខាងសិល្បៈ លោកតានៅតែប្រឹងបន្តធ្វើការងារទាក់ទងនិងសិល្បៈរហូតដល់ថ្ងៃលោកតាអស់ជីវិត ៕