សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរអំពី គោលដៅអាទិភាពចំនួនពីររបស់សម្តេចក្នុងតំណែងជាប្រធានព្រឹទ្ធសភា ព្រឹទ្ធសភា នីតិកាលទី៥ គឺ៖ ទី១-ការលើកតម្កើងការទូតសភា ដោយចូលរួមចំណែកជាមួយនឹងរដ្ឋសភា រាជរដ្ឋាភិបាល សំដៅឱ្យមានសង្គតភាពវិស័យការបរទេស ទី២-គណនេយ្យភាពចំពោះអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿង ឌិញវ៉េ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តម វឿង ឌិញវ៉េ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ព្រមទាំងបានអបអរសាទរ និងកោតសរសើរ សម្តេចតេជោ ដែលត្រូវបានកិច្ចប្រជុំដំបូងនៃព្រឹទ្ធសភា បោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដែលជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតរបស់សម្តេច។
ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការនាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់កម្ពុជាក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឯកឧត្តមប្រធានរដ្ឋសភា ជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល សភា និងប្រជាជន នៃប្រទេសទាំងពីរ។
សម្តេចតេជោ ក៏បានលើកឡើងពីចំនួនភ្ញៀវទេសចរវៀតណាមមកកាន់ប្រទេសកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានឈរនៅលំដាប់ទី១ និង ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅត្រីមាសទី១ ឆ្នាំ២០២៤ ដែល ងើបខ្ពស់បន្តិច រីឯប្រាក់ចំណូលជាតិមានកម្រិតខ្ពស់ជាងនៅឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យរាជរដ្ឋភិបាលកម្ពុជា តំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។
ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍វិវត្តនៃពិភពលោក ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណៈកាន់តែស្រួចស្រាល មិនប្រាកដប្រជា ក៏ដូចជាការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការខណ្ឌសីមា ដែលនៅសេសសល់ ១៦% ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕