អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានសង្កេតឃើញថា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារនិងប្រកបមុខរបបផ្សេងៗនៅក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់។
ជាក់ស្តែង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ២៧,០៩៧ នាក់។ មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ឆ្នាំ២០២៤នេះ ខុសប្លែកពីឆ្នាំមុនៗ ដែលប្រជាពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រឡប់ចូលមកស្រុកកំណើតនៅដើមខែបែបនេះ ព្រោះជារៀងរាល់ឆ្នាំ លុះត្រាតែកៀកថ្ងៃសង្ក្រាន្តហើយ ទើបពួកគាត់សម្រុកមកច្រើន។
ប្រជាជនកម្ពុជាដែលជាពលករធ្វេីការនៅប្រទេសថៃបានវិលត្រលប់មកប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដេីម្បីចូលរួមជួបជុំបងប្អូនសប្បាយរីករាយក្នុឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ បានសម្តែងការសប្បាយចិត្តជាខ្លាំងនិងសូមថ្លៃងការអរគុណចំពោះការផ្តល់ជូនពីរ រាជរដ្ឋភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះពលករកម្ពុជាដោយមិនមានការបង់ប្រាក់ Re-Entry ពេលត្រលប់ចូលប្រទេសថៃវិញ ។
រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការជួយសម្រួលឱ្យបងប្អូនពលករខ្មែរ វិលត្រឡប់មកស្រុកកំណើតដោយចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ តាមរយៈការលើកលែងតម្លៃសេវាលិខិតឆ្លងដែន/លិខិតធ្វើដំណើរលើពលករកម្ពុជាដែលទៅធ្វើការនៅបរទេសនិងមានទិដ្ឋាការការងារ និងដែលមានសុពលភាពរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ទន្ទឹមនោះ ក្រុមការងារប្រចាំច្រកទ្វារ ក៏បានផ្តល់ផ្តល់ជូនទឹកសុទ្ធក្រម៉ានិងនុំបុ័ងដល់ពលករគ្រប់ៗគ្នាផងដែរ៕