នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ដោយបានប្រគល់ភារកិច្ចជូនប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី។ ក្នុងព្រះរាជសាររបស់ព្រះអង្គ បញ្ជាក់ថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
តើក្នុងឋានៈជាប្រមុខរដ្ឋស្តី សម្ដេចតេជោ នឹងមានសិទ្ធិអំណាច និងភារកិច្ចលើកិច្ចការអ្វីខ្លះ?
ប្រមុខរដ្ឋស្តីទី ជាឥស្សរជនកំពូលមួយរូបដែលទទួលឋានៈជាព្រះរាជានុសិទ្ធិនៅពេលព្រះរាជអវត្តមានព្រះប្រមុខរដ្ឋទៅតាមនីតិវិធីដែលមានកំណត់ចែងនៅក្នុងច្បាប់។ នៅប្រទេសដែលគ្មានព្រះមហាក្សត្រ ពោលគឺប្រកាន់របបសាធារណរដ្ឋ ប្រមុខរដ្ឋ គឺជាប្រធានាធិបតី។ រីឯនៅ ប្រទេសដែលមានព្រះមហាក្សត្រ គឺព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋ។
ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា ព្រះមហាក្សត្រ ជាប្រមុខរដ្ឋពេញមួយព្រះជន្មព្រះអង្គ តែព្រះអង្គមិនកាន់អំណាចឡើយ និងគ្មានបុព្វសិទ្ធិជ្រើសរើសរជ្ជទាយាទឡើយ ពោលគឺទ្រង់គង់ជាម្លប់របស់ប្រជារាស្ត្រ និងជាបុគ្គលកំពូលដែលចុះព្រះហត្ថលេខាលើ ព្រះរាជក្រឹត្យ និងព្រះរាជក្រម ទៅតាមនីតិវិធីដែលបានកំណត់។
យោងទៅតាមវិសោធនកម្មច្បាប់ខែកក្កដាឆ្នាំ១៩៩៤ ដែលជាវិសោធនកម្មច្បាប់ដំបូងបំផុតនៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកែប្រែត្រួសត្រាយ និងប្រគល់សិទ្ធិឲ្យប្រមុខរដ្ឋស្តីទីចុះហត្តលេខាលើព្រះរាជក្រឹត្យ ឬព្រះរាជក្រម ពេលព្រះមហាក្សត្រព្រះរាជអវត្តមាន ក្នុងឋានៈជាព្រះរាជានុសិទ្ធិ ដោយមានព្រះរាជសារប្រគល់សិទ្ធិត្រឹមត្រូវ ។
មាត្រា១១ថ្មី បានចែងថា ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទំងន់ ដោយមានការបញ្ជាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ នោះប្រធានព្រឹទ្ធសភាត្រូវបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ។ នៅក្នុងករណី ដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជា ព្រះរាជានុសិទ្ធិ នោះប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ ។
តំណែងជាប្រមុខរដ្ឋស្តីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិ នេះអាចនឹងដូរឥស្សរជនផ្សេងៗទៅតាមឋានានុក្រមដូចជា៖ អនុប្រធានទី ១ ព្រឹទ្ធសភា, អនុប្រធានទី១ រដ្ឋសភា, អនុប្រធានទី២ ព្រឹទ្ធសភា និងអនុប្រធានទី២ រដ្ឋសភា។
ចំណែកមាត្រា១២ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា នៅពេលព្រះមហាក្សត្រទ្រង់ចូលទិវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ មាត្រា ១៣ថ្មី បានចែងថា ប្រធានព្រឹទ្ធសភា ក៏ជាសមាសភាពមួយ ក្នុងចំណោមសមាសភាពក្រុមប្រឹក្សារាជសម្បត្តិដែលដើរតួនាទីជាអ្នកជ្រើសរើសព្រះមហាក្សត្រថ្មី បន្ទាប់ពីរយៈពេល៧ថ្ងៃក្រោយ ព្រះមហាក្សត្រសោយទិវង្គត។ រីឯរដ្ឋធម្មនុញ្ញមាត្រា ៣០ថ្មី បានកំណត់ថា ក្នុងពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភា ក៏មានភារកិច្ចជាប្រមុខរដ្ឋស្ដីទី។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំអាចមានលទ្ធភាពបំពេញភារកិច្ចបានទៀត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី។
គួរបញ្ជាក់ផងដែរថា នៅពេលដែលប្រធានព្រឹទ្ធសភាឡើងមកបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី នោះការដឹកនាំព្រឹទ្ធសភាត្រូវធ្លាក់ទៅ អនុប្រធានទី១ ដឹកនាំក្នុងឋានៈជាប្រធានស្តីទី៕
អត្ថបទ៖ អក្ខរា