សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិតលើកទី៧ ប្រកបដោយជោគជ័យរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤» ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងនិស្សិតទាំង៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។
នៅថ្ងែទី១ សម្តែងសិល្បៈទស្សនីយភាពចម្រុះ នាថ្ងៃទី២ ក៏មានការប្រគំតន្ត្រីកំដរបរិយាកាស ការលេងល្បែងប្រជាប្រិយ ដូចជាចោលឈូង ចាប់កូនខ្លែង បោះអង្គញ់ ទាញព្រ័ត្រ ការរាំកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ ព្រមទាំងការសម្តែងទស្សនីយភាពនានាដូចជា របាំបុរាណ របាំសហសម័យ ល្ខោនខោល គុណល្បុក្កតោ ចម្រៀងអាយ៉ៃ ល្ខោនស្រមោលស្បែកធំផងដែរ។
ក្រៅពីការសម្ដែងទស្សនីយភាពសិល្បៈចម្រុះដោយនិស្សិត ក៏មានការចូលរួមពីសំណាក់សិល្បករក្រៅប្រព័ន្ធ និងតារាចម្រៀងល្បីៗនៃព្រះរាជាណាចក្រកម្ពុជាដែលបានស្ម័គ្រចិត្តចូលរួមជំរុញនិងបង្កើនភាពសប្បាយរីករាយដល់មហាជនទូទៅបានទស្សនាកម្សាន្ត។ ថ្ងៃទី៣ជាថ្ងៃចុងក្រោយ ពេលព្រឹកថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងនិស្សិតជាច្រើនបានចូលរួមស្រង់ទឹកថ្វាយរូបព្រះបាទជ័យវ័រ្មនទី៧ក្នុងពិធីស្រង់ព្រះរំលឹកគុណគ្រូក្នុងទីធ្លាសាកលវិទ្យាល័យ ពេលល្ងាចសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងបានយាងទតការសម្តែងសិល្បៈដែលរៀបចំនិងចូលរួមសម្តែងផ្ទាល់ពីសំណាក់អ្នកគ្រូសាស្ត្រាចារ្យ ព្រឹទ្ធាចារ្យនិងអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
នេះជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ របស់គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ដែលបានរួមកម្លាំងសាមគ្គីគ្នា ក្នុងការរួមថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរ ក្នុងបុព្វហេតុប្រតិបត្តិខ្លួនជាកូនល្អ និស្សិតគំរូ និងជាយុវជនល្អក្នុងសង្គម ចៀសឱ្យផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
ក្នុងកម្មវិធីនោះដែរ ក្រៅពីការតាំងពិព័រណ៍ស្នាដៃសិល្បៈនិស្សិត ក៏មានការតាំងនូវផលិតផលសិប្បកម្ម វត្ថុសិល្បៈ ផលិតផលពីត្នោត ស្ដង់អាហារ និងវត្ថុអនុស្សាវរីយ៍ដែលបង្ហាញពីសិល្បៈខ្មែរផងដែរ។ នាឱកាសដ៏មានសារ:សំខាន់នៃកម្មវិធីខាងលើ ថ្នាក់ដឹកនាំ និងនិស្សិតក៏បានរៀបចំហិបរៃអង្គាសថវិកាសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីចូលរួមបន្តនិរន្តរភាពនៃកិច្ចដំំណើរការរបស់មន្ទីរពេទ្យក៏ដូចជាការចូលរួមផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា៕