ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈជានាយក នាយករងខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន ៦រូប។
នៅក្នុងព្រះរាជក្រឹត្យតែងតាំងលោក ឈីវ ស៊ាង អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជានាយកខុទ្ទកាល័យ ឋានៈស្មើរដ្ឋមន្រ្តី, លោក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាកូនប្រសារអតីតឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ជានាយករងខុទ្ទកាល័យ, លោក ចាន់ សុខុម ឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ជានាយករងខុទ្ទកាល័យ, លោក រ័ត្ន ហុក ជានាយករខុទ្ទកាល័យ ឋានៈស្មើរដ្ឋលេខាធិការ និងលោកស្រី ឈីវ គីមស្រ៊ុន និងលោក រ៉េត ឧត្តមវុឌ្ឍីណា ជាជំនួយការ មានឋានៈស្មើអគ្គនាយក។
សូមជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន ផ្តើមតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បន្តពីសម្តេចវិបុលសេនាភក្តី ដែលតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
សម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ៣២ឆ្នាំ ពោលកាលពី ៤០ឆ្នាំមុន បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រី ទទួលបានការគាំទ្រដោយគ្មានការជំទាស់ពីសមាជិកសភា ហើយពេលនេះឡើងកាន់តំណែងប្រធានព្រឹទ្ធសភាដោយគ្មានសំឡេងជំទាស់នោះដែរ ទោះមានសមាជិកព្រឹទ្ធសភា៣រូបមកពីបក្សប្រឆាំងក្តី។
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន សម្តេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញ យ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចតេជោក្នុងការដឹកនាំប្រទេសជាតិ ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលកន្លងមក៕