សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺរដ្ឋបាលសាធារណៈរឹងមាំ បត់បែន និងមានប្រសិទ្ធភាព។ សម្តេចធិបតីបានថ្លែងថា ដើម្បីបានរដ្ឋបាលសាធារណៈរឹងមាំ និងមានប្រសិទ្ធភាប គឺត្រូវចាប់ផ្តើមធ្វើ ហើយធ្វើទាំងអស់គ្នាទាំងថ្នាក់ជាតិ និងក្រោមជាតិ។ បើតាមសម្តេចធិបតី ដើម្បីសម្រេចបានផែនការលើកម្ពស់ការងាររដ្ឋបាលសាធារណៈ គឺត្រូវមានចិត្ត មានបេះដូងតែមួយ ហើយត្រូវក្លាហានហ៊ានធ្វើ ហ៊ានសម្រេចចិត្ត។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ មេសា ២០២៤។
ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល (ហៅកាត់ថា គ.វ.រ.)ដែលមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥។
ក្នុងន័យនេះ លេខាធិការដ្ឋាននៃ គ.វ.រ. ក្រសួងមុខងារសាធារណៈមានតួនាទី និងភារកិច្ច ដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួនបី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈគឺ៖១) ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ២) ការពង្រឹងការគ្រប់គ្រងមន្ត្រី ការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់មន្ត្រី រួមទាំងពង្រឹងស្ថាប័ន ៣) ការរៀបចំប្រព័ន្ធលើកទឹកចិត្តសម្រាប់មន្ត្រីឱ្យសមស្របទៅនឹងគោលការណ៍គុណាធិបតេយ្យផ្អែកលើសមិទ្ធកម្ម៕
អត្ថបទ៖ អក្ខរា