សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បញ្ជាក់ថា ការធ្វើកំណែទម្រង់ គឺត្រូវការការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការធ្វើកំណែទម្រង់ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។
សម្តេចធិបតីថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បានគឺសេវាសាធារណៈមួយដែលរឹងមាំ ក្នុងការបម្រើដល់បងប្អូនប្រជាពលរដ្ឋ។ ការលើកឡើងរបស់សម្តេចនេះគឺបាន ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនារសៀលថ្ងៃទី៤ ខែមេសានេះ។
សម្ដេចធិបតីថ្លែងបន្តថា ការងារលើការធ្វើកំណែទម្រង់ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈនេះ គឺមានទំហំធំណស់ ដូច្នេះគឺទាមទារឱ្យមានការឯកភាពគ្នាទាំងចិត្ត និងបេះដូង។
ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។