ប៉ុន្មានថ្ងៃនេះ សាលាមួយចំនួនបានផ្ដើមរៀបចំព្រឹត្តិការណ៍សង្គ្រាន្ដ។ ក្នុងភាពសប្បាយរីករាយ យើងឃើញរូបភាពតាមបណ្ដាញសង្គមខ្លះមានចរិក និងសកម្មភាពបៀតបៀនផ្លូវភេទ ព្រមទាំងរំខានដល់វប្បធម៌ប្រពៃណី ដែលភាគច្រើនបង្កឡើងដោយក្រុមយុវជនមួយភាគតូច។ ចូរបញ្ជាក់ផងដែរថា ការចាប់ថើបគេដោយគ្មានការអនុញ្ញាត និងការបន្លំប៉ះឬស្ទាបអង្អែលនានា គឺជាទង្វើខុសច្បាប់ដែលប្រឈមមុខនឹងទោសទណ្ឌនិងការឃុំខ្លួនផងដែរ។
យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ២៤៦៖ គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័គ្រចិត្ដផងទេ ឬបង្ខំបុគ្គលដទៃឱ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬទៅលើតតិយបុគ្គល ក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្ដកេរខ្មាស។ អំពើប្រទូស្ដកេរខ្មាសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។
ដូចនេះ សូមសប្បាយនៅថ្ងៃចូលឆ្នាំថ្មីដោយមានទំនួលខុសត្រូវ ភាពថ្លៃថ្នូរ និងស្មារតីរក្សាវប្បធម៌ប្រពៃណី៕
ប្រភព៖ The SEED