សម្ដេចធិបតីហ៊ុនម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមេសា បានចេញអនុក្រឹត្យបង្កើតគណៈកម្មធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន។
បើតាមមាត្រា២ នៃអនុក្រឹត្យនេះ ឲ្យដឹងថា គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានភារកិច្ចដឹកនាំ សម្របសម្រួល និងជំរុញការដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជនលើទិដ្ឋភាពច្បាប់ បច្ចេកទេស ឬ ផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចចម្រុះត្រូវដោះស្រាយដោយ អន្តរក្រសួង និង/ឬ អន្តរស្ថាប័ន និង ដែលលើសពីដែនសមត្ថកិច្ច ឬ លទ្ធភាពសម្រេចរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន និង យន្តការដទៃទៀត រួមទាំងយន្តការក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
បន្ថែមពីនេះ មានភារកិច្ចពិនិត្យ តាមដាន វាយតម្លៃ និង រាយការណ៍ជូននាយករដ្ឋមន្ត្រីចំពោះរាល់បញ្ហាប្រឈម និង សំណូមពរ ដើម្បីជំរុញការដោះស្រាយ និង/ឬ លើកកម្ពស់បរិយាកាសវិនិយោគ និង ធុរកិច្ច។ គណៈកម្មធិការនេះ មានភារកិច្ចដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជន តាមករណីនីមួយៗ តាមការបញ្ជាផ្ទាល់ ពីសំណាក់នាយករដ្ឋមន្ត្រី បំពេញភារកិច្ចដទៃទៀត តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី៕