សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈអភិបាលក្រុង/ស្រុក ជាអ្នកមានសមត្ថកិច្ចជួរមុខ ក្នុងការទប់ស្កាត់ការទន្ទ្រានយកដីជាសម្បត្តិរដ្ឋ។ សម្តេចបានថ្លែងថា នៅកន្លែងមានបញ្ហាក្តៅពាក់ព័ន្ធការទន្ទ្រានដីសម្បត្តិរដ្ឋ ត្រូវគិតគូរតែងតាំង និងផ្លាស់ប្តូរថ្នាក់ដឹកនាំស្រុក ដោយគិតពីប្រសិទ្ធភាពការងារ។ ការថ្លែងរបស់សម្តេចធិបតី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សម្តេចធិបតីបានថ្លែងថា ក្រុង/ស្រុកចំនួន១០ ដែលមានសកម្មភាពទន្ទ្រានដីខ្លាំង នឹងត្រូវពិចារណាផ្លាស់ប្តូរថ្នាក់ដឹកនាំ។ សម្តេចធិបតីក៏បានណែនាំឱ្យដកហូតដីទំហំប្រមាណប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សសម្រាប់ទេសចរណ៍ ផ្សារភ្ជាប់និងធម្មជាតិ។ សម្តេច ក៏បានសម្រេចឱ្យលោក កែវ រតនៈ ជាប្រធានក្រុមការងារដឹកនាំជជែកដកហូតដីនេះមករក្សាទុក ធ្វើជាទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិពីព្រោះមិនងាយមានកន្លែងព្រៃធម្មជាតិដោះស្រស់ស្អាតបែបនេះណាស់។
សម្តេចក៏ប្រកាសផ្អាកការចេញបណ្ណគម្រោងវិនិយោគផ្សារភ្ជាប់ធម្មជាតិ ដែលមានដីទំហំក្រោម១០ហិកតាផងដែរ។ សម្តេចធិបតី បានថ្លែងថា សម្រាប់គម្រោងអនុវត្តន៍ហើយ អនុញ្ញាតឱ្យបន្ត ប៉ុន្តែចំពោះគម្រោងណាអនុវត្តន៍មិនត្រូវរឿង ហើយខុសឆ្គងធ្ងន់ធ្ងរត្រូវដកហូតជាបន្ទាន់ ហើយសម្រាប់គម្រោងបានអាជ្ញាបណ្ណហើយមិនទាន់អនុវត្តន៍ គឺទុករយ:ពេល៦ខែ ដើម្បីឲ្យពិចារណាសារើឡើងវិញ៕