រដ្ឋមន្ដ្រីកម្ពុជា-វៀតណាម-ឡាវ ប្តេជ្ញាជំរុញអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឱ្យបន្តសហការបានជិតស្និទ្ធក្នុងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ជាពិសេសផ្សព្វផ្សាយអប់រំដល់ប្រជា ពលរដ្ឋឱ្យយល់ដឹងពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងព្រំដែន សំដៅប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាម បណ្តាខេត្តជាប់ព្រំដែន ព្រមទាំងការបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងបី ។ នេះបើតាមការឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាន
អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុង ដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត, ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម និង ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈឡាវ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីរវាងក្រសួងទាំងបី ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង បានធ្វើការវាយតម្លៃទៅលើទិដ្ឋភាពរួម និងការវិវត្តនៃសភាពការណ៍ សកលលោក និងសភាពការណ៍តំបន់ ដែលអាចជះឥទ្ធិពលមកលើសភាពការណ៍ទូទៅក្នុងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម លើទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ។ ភាគីទាំងបី ក៏បានសម្តែងនូវការ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសទាំងបី ដែលបានបន្តរក្សាទំនាក់ទំនង និងកិច្ចសហការជិតស្និទ្ធ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ជាពិសេសកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការថែរក្សាសន្តិសុខនៅតាមតំបន់ព្រំដែន រវាងប្រទេសទាំងបី ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ។
ទន្ទឹមនេះ តំណាងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងទាំងបី បានធ្វើបទអន្តរាគមន៍ផ្លាស់ប្តូរបទពិសោធ លើប្រធានបទចម្បងៗចំនួន ០៣ រួមមាន ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការងារប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ដែល តាមរយៈប្រធានបទទាំងបីនេះ បានលើកឡើងនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ បទពិសោធ សំណូមពរ និងទិសដៅអនុវត្តបន្ត សំដៅលើកកម្ពស់ប្រសិទ្ធភាពឱ្យប្រសើរឡើងថែមទៀតក្នុងក្របខ័ណ្ឌនៃកិច្ចសហ- ប្រតិបត្តិការលើកិច្ចការទាំងបីខាងលើនេះ ។
បន្ទាប់ពីការផ្លាស់ប្តូរយោបល់លើសភាពការណ៍ទូទៅនៃសកលលោក និងតំបន់ ព្រមទាំងការចែក រំលែកបទពិសោធតាមរយៈការធ្វើបទអន្តរាគមន៍ អង្គប្រជុំក៏បានអនុម័តសេចក្ដីប្រកាសរួម ដែលគូសបញ្ជាក់ អំពីការប្ដេជ្ញាចិត្តទៅលើកិច្ចការសំខាន់ៗមួយចំនួនបន្ថែមទៀត រួមមាន៖ បន្តផ្តល់កិច្ចសហការ និងការសម្របសម្រួលទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើស គ្រប់ទម្រង់ សំដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកន ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រទេសទាំងបី ក៏ដូចជារួមចំណែកដល់ការថែរក្សាសន្តិសុខ និងភាព សុខដុមរមនាសម្រាប់តំបន់អាស៊ានផងដែរ ។ បន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរ-រត់ពន្ធមនុស្ស ទេសន្តរប្រវេសន៍ខុសច្បាប់ អំពើភេរវកម្ម និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មានប្រកបដោយប្រសិទ្ធភាព និង ទាន់ពេលវេលា ។ ជំរុញអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឱ្យបន្តសហការបានជិតស្និទ្ធក្នុងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ជាពិសេសផ្សព្វផ្សាយអប់រំដល់ប្រជា ពលរដ្ឋឱ្យយល់ដឹងពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងព្រំដែន សំដៅប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាម បណ្តាខេត្តជាប់ព្រំដែន ព្រមទាំងការបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងបី ។ បន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេសក្នុងឱកាសដែលប្រទេស ឡាវទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤ និងបន្តជំរុញអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធ រវាងភាគីទាំងបីក្នុងក្របខណ្ឌអាស៊ាន ដែលប្រទេសនីមួយៗត្រូវរៀបចំ និងធ្វើជាម្ចាស់ផ្ទះ៕