សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៤ ។
នៅក្នុងជំនួបនេះ ឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំគណះប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។
ឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងសុន្ទរកថាដ៏មានអត្ថន័យជ្រាលជ្រៅទូលំទូលាយសំរាប់វេទិកាបូអាវ។ ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានបញ្ជាក់ថា សម្តេចតេជោ ជាមិត្តចាស់ ជាមិត្តល្អជាងគេដែលបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកច្រើនសារ។ ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បង្ហាញការស្វាគមន៍ពេលសម្តេចអញ្ជើញមកលើកក្រោយៗទៀត។ ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានកត់សម្គាល់ថា ខេត្តហៃណាន និងកម្ពុជា នារយះពេលចុងក្រោយនេះមានកិច្ចសហការជាច្រើន ។
ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណានបានបន្តថា នៅក្នុងឆ្នាំ២០២៤នេះជាឆ្នាំ នៃការផ្លាស់ប្តូប្រជាជន និងប្រជាជនរវាងកម្ពុជានិងចិន ។ឯកឧត្តម បានបង្ហាញការរីករាយដែលកម្ពុជា និងខេត្តហៃណានមានការហោះហើរត្រង់រហូតដល់៤ជើងក្នុងមួយសប្តាហ៍ ជាពិសេសខេត្តហៃណានក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម ព្រមទាំងបានចូលរួមបណ្តះុបណ្តាលជាច្រើនដោយសារខេត្តហៃណានមានមជ្ឈមណ្ឌលកសិកម្មត្រូពិចមួយ ហើយកន្លងមកខេត្តហៃណានបានទៅបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែលជាកិច្ចសហការមួយដ៏ល្អលើវិស័យកសិកម្មរវាងខេត្តហៃណាន និងកម្ពុជា។
ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានជំរាបសម្តេចតេជោថា ឆ្នាំ២០១៨កម្ពុជាបានបើកអគ្គកុងស៊ុលនៅហៃគូ ដែលការបើកនេះបានជំរុញកិច្ចសហការរវាងហៃណាន និងកម្ពុជាកាន់តែរីកចំរើន ទូលំទូលាយជាងមុន។ ឯកឧត្តម បានបញ្ជាក់ថា ខេត្តហៃណានជាខេត្តមួយសំខាន់ និងជាតំបន់ពាណិជ្ជកម្មសេរី ដូច្នេះសង្ឃឹមថា ថ្ងៃមុខនឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើន។ ឯកឧត្តម បានជំរាបសម្តេចបន្តថា ខេត្តហៃណានលើកលែងទិដ្ឋការរហូតដល់៥៩ប្រទេសដែលធ្វើឲ្យអ្នកទេសចរណ៍កាន់តែមានចំនួនច្រើនមកទស្សនកិច្ចខេត្តហៃណាន ដោយក្នុងមួយឆ្នាំមានអ្នកទេសចរណ៍ប្រមាណ៩០លាននាក់បានមកទស្សនកិច្ច ដោយសារអាកាសធាតុល្អ និងហោះហើរជិតពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណះដែលប្រជាពលរដ្ឋនៅខេត្តនេះមានត្រឹមតែ១០លាននាក់ប៉ុណ្ណោះដែលរស់នៅ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការីករាយនៅពេលដែលបានឃើញទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ។ សម្តេចតេជោ បានបន្តថា សម្តេចបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកហើយ តែនៅពេលខាងមុខសម្តេចរីករាយនឹងអញ្ជើញទៅកាន់ហៃណានបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់សម្តេចពីការអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានកសិកម្មត្រូពិច ដែលមានការកែច្នៃផលិតផលបានច្រើន ជាពិសេសការកែច្នៃបច្ចេកវិទ្យាដូចជា ជ័រកៅស៊ូ សាប៊ូ ទឹកអប់ មីដែលធ្វើពីសាច់ដូង ដែលការស្រាវជ្រាវរបស់វិទ្យាកសិកម្មនោះមានភាពទូលំទូលាយណាស់។ សម្តេចតេជោ ហ៊ុន សែន បានអរគុណខេត្តហៃណាន ជាពិសេសវិទ្យាស្ថានកសិកម្មនេះបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែលបានបង្កើនជំរុញកិច្ចសហការលើការស្រាវជ្រាវឲ្យបានទិន្នផលខ្ពស់នៅកម្ពុជា៕