ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យជនបរទេស ឬជនជាតិខ្មែរណាម្នាក់ ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីបំផ្លាញផលប្រយោជន៍កម្ពុជា និងមនុស្សជាតិលើពិភពលោកឡើយ។
ថ្លែងក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្លងកាត់ប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ចាប់ពីអាណត្តិទី៦ ដល់រយៈពេល៧ខែ ដើមអាណត្តិទី៧នេះ សមត្ថកិច្ចកម្ពុជា បានរកឃើញថា ភាគច្រើននៃឧក្រិដ្ឋកម្មទដូចបានបញ្ជាក់មកនេះ បង្កឡើងដោយមេក្លោងជាជនបរទេស និងមានគោលដៅធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ជនបរទេសនៅឯក្រៅប្រទេស។
គួរកត់សម្គាល់ថា ក្នុងរយៈពេលប្រមាណ៦ខែ ដើមនីតិកាលទី៧នេះ អាជ្ញាធរកម្ពុជាបានទទួលពាក់បណ្ដឹងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សប្ដឹងដោយជនបរទេសប្រមាណ១ ០០០ករណី ប៉ុន្តែបទល្មើសជាក់ស្តែងមានប្រមាណតែជាង១៥០ករណីប៉ុណ្ណោះ ខណៈករណីផ្សេងទៀត គឺជាការក្លែងបន្លំធ្វើជាជនរងគ្រោះ ដើម្បីបិទបាំងភាពខុសច្បាប់របស់ខ្លួន ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវក្នុងបទល្មើសអន្តោប្រវេសន៍ និងបទល្មើសឧក្រិដ្ឋដែលប៉ុនប៉ងប្រព្រឹត្តនៅ កម្ពុជា ឬការលាក់ខ្លួនធ្វើការងារដោយមិនមានការអនុញ្ញាតជាដើម។
ដោយឡែកសម្រាប់ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ដូចជាអំពើឆបោក និងការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបង្កើតបណ្ដាញលេងល្បែងអនឡាញខុសច្បាប់ ក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដែរ។ ជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការនៅខេត្តព្រះសីហនុក្នុងអំឡុងដើមខែមីនាមកនេះ អាជ្ញាធរកម្ពុជាបានស្រាវជ្រាវ និងឈានទៅធ្វើប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តិល្បែងអនឡាញខុសច្បាប់ចំនួន២ទីតាំង ដោយឃាត់ខ្លួនមេក្លោង និងអ្នកប្រព្រឹត្តប្រមាណ៤០០នាក់។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ទាំងមេក្លោងនៃអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត សុទ្ធតែត្រូវបានបញ្ជូនទៅតុលាការផ្តន្ទាទោស ចំណែកអ្នកពាក់ព័ន្ធដែលខ្លះមកធ្វើការដោយខុសច្បាប់ និងខ្លះទៀតរងការឆបោកជាដើម ត្រូវបានអនុវត្តនីវិធីបណ្ដេញចេញពីកម្ពុជា ដោយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ៕