លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីបញ្ហាប្រជាពលរដ្ឋមួយចំនួនលង់ជឿល្បិចបោកប្រាស់របស់ពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួន ដែលក្លាយជាជនរងគ្រោះ ហើយថែមទាំងត្រូវគេបន្ទោសទៀតផង។
តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា បានលើកឡើងថា «ហេតុអីមិនបន្ទោសអ្នកបោកគេ, បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?» ខ្ញុំពិតជាមានអារម្មណ៍មិនអាចទទួលយកបានទាល់តែសោះនៅពេលដែលមានអ្នកមួយចំនួនដៀលនិងបន្ទោសប្រជាពលរដ្ឋថា ល្ងង់និងលោភលន់ ទើបចាញ់បោកពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួននោះ។ តើនេះជាការដាក់បន្ទុកលើប្រជាពលរដ្ឋដែលជាជនរងគ្រោះ ដើម្បីសម្រាលបន្ទុកជនបោកប្រាស់ឬ? តើនេះមិនមែនជាទុក្ខជាន់លើទុក្ខសម្រាប់ប្រជាពលរដ្ឋដែលជាជនរងគ្រោះទេឬ ដែលត្រូវគេបោកហើយ ត្រូវគេដៀលទៀតនោះ?
លោកបណ្ឌិតបន្តថា៖ ” ខ្ញុំពិតជាទទួលស្គាល់ថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនអាចមិនមានព័ត៌មានគ្រប់គ្រាន់ឬមិនមានចំណេះដឹងខាងហិរញ្ញវត្ថុជ្រៅជ្រះ ដែលជាមូលហេតុធ្វើពួកគាត់លង់ជឿល្បិចបោកប្រាស់របស់ពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួន, ហើយជនរងគ្រោះខ្លះ ក៏មានចំណេះដឹងជ្រៅជ្រះដែរ តែអ្វីដែលគាត់លង់ គឺទំនុកចិត្តដែលពួកគាត់មានទៅលើពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួននោះ។ ដូច្នេះ អ្នកចាញ់បោកគេទាំងអស់ មិនថាជាប្រជាពលរដ្ឋសាមញ្ញឬជាបណ្ឌិតឬបញ្ញវន្តទេ គឺសុទ្ធតែជាជនរងគ្រោះទាំងអស់, មិនអាចដៀលថា គាត់ល្ងង់, គាត់លោភលន់ ដែលមានទម្រង់ជាការដាក់បន្ទុកជនរងគ្រោះ ដើម្បីសម្រាលបន្ទុកជនបោកប្រាសនោះទេ។ ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?”
“ខ្ញុំធ្លាប់បានសរសេរម្តងរួចហើយ កុំឃើញតែឆ្មាស៊ីត្រីអាំងនាំគ្នាយកដងរែកដេញវាយ ខ្លាលីគោចូលព្រៃនាំគ្នាឈរមើល។ នៅពេលណាមួយខ្លាលែងមានគោលី វានឹងស៊ីអ្នកឈរមើលគ្រប់គ្នា គ្រាន់តែពេលវេលា វាមិនទាន់មកដល់។
សង្គមយើងមិនអាចបណ្ដែតបណ្ដោយឱ្យជនប្រភេទនេះបន្តសកម្មភាពរបស់ខ្លួនដោយរួចផុតពីសំណាញ់ច្បាប់បានជាដាច់ខាត ពីព្រោះបើដូច្នេះ វានឹងបង្កទៅជាវិបត្តិសង្គមដ៏ធ្ងន់ធ្ងរទៅថ្ងៃក្រោយ គឺវិបត្តិទំនុកចិត្ត, វិបត្តិសីលធម៌, វិបត្តិធនាគារ, វិបត្តិហិរញ្ញវត្ថុ, វិបត្តិផ្លូវចិត្ត, វិបត្តិសន្តិសុខ, វិបត្តិវណ្ណៈ ហើយចុងក្រោយ គឺវិបត្តិនយោបាយ ដែលនាំឱ្យសង្គមចលាចល ពិបាកគ្រប់គ្រង។
ដូច្នេះ ច្បាប់ត្រូវតែកាត់ផ្តាច់ ជីកឫស រំលើងគល់ជនឈ្លើងសង្គមឱ្យអស់ ទើបស្រុកយើងមានសន្តិភាពនិងស្ថិរភាពយូរអង្វែង, មានវិបុលភាពនិងការអភិវឌ្ឍពិតប្រាកដ, មានយុត្តិធម៌សង្គមពេញលេញ និងមានសុខុដមរម្យនារឹងមាំ។ បើមិនដូច្នោះទេ ផ្លូវទៅកាន់ឆ្នាំ២០៣០ ពិតជាលំបាក ហើយផ្លូវទៅកាន់ឆ្នាំ២០៥០ កាន់តែវែងឆ្ងាយ”៕