ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បង្ហាញការហួសចិត្តនឹងលោក មាស រិទ្ធី អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ហង្សមាស ពាក់ព័ន្ធនឹងការរៀបចំអង្គរសង្រ្កាន្ត។
តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរាប់ ថា៖ “ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំ ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ខ្ញុំបានស្តាប់កិច្ចសម្ភាសរបស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំតើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន”។
ឯកឧត្តមបានបន្តថា៖ “ខ្ញុំចង់យកឱកាសនេះបញ្ជាក់ថាបង មាស រិទ្ធី បានសួរខ្ញុំមែន “ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ” ហើយខ្ញុំក៏បានឆ្លើយតបថា “ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ”។ អ្វីដែលខ្ញុំហួសចិត្តពីករណីនេះគឺ៖
ទី១ ខ្ញុំគិតថាដោយសារការរាប់អានគ្នា គាត់សួរខ្ញុំប្រហែលជាការសួរនាំធម្មតាមិនមែនជាកិច្ចសម្ភាសដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះទេ អ៊ីចឹងបានខ្ញុំឆ្លើយតបដូច្នេះទៅគាត់ (និយាយលេងក្នុងការរាប់អានគ្នា) នេះក៏ជាមេរៀនសម្រាប់ខ្ញុំទៅថ្ងៃក្រោយដែរ មិនគួរដោយសារការរាប់អាន ទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ ប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន សម្រាប់មនុស្សដែលហៅថារាប់អានគ្នា។ ទី២ មិននឹកស្មានថាពាក្យ “ឱ្យរាជធានីខេត្តគេរៀបចំទៅជាពាក្យថា “ខ្ជិលរៀបចំ” វិញនោះទេ”។
“ណ្ហើយចុះ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានដឹកនាំរៀបចំតាំងពីមិនមានការស្គាល់ “អង្គរសង្ក្រាន្ត” មកដល់មានការស្គាល់ អញ្ជឹងប្រហែលពាក្យថា “ខ្ជិល” រៀបចំអង្គរសង្ក្រាន្តមិនត្រូវនោះទេ បើខ្ជិលប្រហែលមិនបានរៀបចំខួប១០ឆ្នាំនៅអង្គរសង្រ្កាន្តនោះទេ”។ នេះជាការបញ្ជាក់បន្ថែមពីឯកឧត្តម ហ៊ុន ម៉ានី។
បន្ថែមពីនេះ ឯកឧត្តមបញ្ជាក់ថា នៅឆ្នាំ២០១៣ ពេលដែលក្រុមការងាររៀបចំ «អង្គរសង្រ្កាន្ត» លើកទី ១ ស.ស.យ.ក បានធ្វើលិខិតផ្លូវការទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានបញ្ជាក់ថា ពាក្យ “សង្រ្កាន្ត” មានន័យថាជាពិធីចូលឆ្នាំថ្មី ហើយពាក្យនេះមានប្រើនៅសម័យអង្គរផងដែរ នេះបើតាមសិលាចារឹក Ka១៧ និងជាទំនៀមប្រពៃណីខ្មែរតាំងពីដើមរៀងមក។ ពិធីសង្ក្រាន្តនេះក៏ត្រូវបានរៀបចំនៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍យើងដែរដូចជា ឡាវ ថៃ ភូមា ជាដើម។
បើតាមឯកឧត្តម ហ៊ុន ម៉ានី អស់រយៈពេល ១០ ឆ្នាំ (២០១៣-២០២៣) ឯកឧត្តមជាសមាជិកក្នុងក្រុមការងារម្នាក់ ក្នុងចំណោមសមាជិក និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក រាប់ម៉ឺននាក់ ដែលបានលះបង់ពេលវេលា ខិតខំរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ដើម្បីជាការលើកស្ទួយកេរដំណែលជាតិ ហើយអង្គរសង្រ្កាន្ត ក៏បានបណ្តុះស្មារតីនេះដល់ស.ស.យ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័ន សាលារៀន នៅទូទាំងប្រទេស ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តគ្រប់ទីកន្លែងនៅកម្ពុជានាពេលកន្លងមក។ ក្នុងន័យនេះ ឯកឧត្តមអំពាវនាវដល់យុវជនយើងបន្តស្វែងយល់ពីវប្បធម៌ខ្លួន និងបន្តថែរក្សាកេរដំណែលដូនតាយើង!៕
អត្ថបទ៖ អក្ខរា