ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការអាមេរិកសម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅ សហរដ្ឋអាមេរិកនោះទេ។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួននៅឯអាកាស យានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្ដីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។
ការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក បានធ្វើឱ្យលោក គ្រី ម៉ះផល ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុប្រទេស អស់រយៈពេល ១ឆ្នាំ ៤ខែ និង១០ថ្ងៃ។ នៅក្នុងរយៈពេលជាង១ឆ្នាំ ៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់មន្ត្រីរបស់ខ្លួន រហូតទទួលបាន យុត្តិធម៌ជូនដល់មន្ត្រីកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា នៅក្នុងសំណុំ រឿងរបស់លោក គ្រី ម៉ះផល ក្រសួងបានរក្សាភាពស្ងៀមស្ងាត់ មិនថ្លែងការណ៍នានាទៅកាន់សារព័ត៌មាន ក្នុងគោលបំណង គោរពដំណើរការនីតិវិធីរបស់តុលាការ ដើម្បីឱ្យការកាត់ក្ដីប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌។ ប៉ុន្តែក្រសួងបានធ្វើការយ៉ាង ជិតស្និទ្ធជាមួយមេធាវីអាមេរិក ដើម្បីតតាំងក្ដីប្រឆាំងនឹងរដ្ឋអាជ្ញាព្រមទាំងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក ដែលចោទ ប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវលាក់បាំងពីអាជ្ញាធរកម្ពុជា និងពុំគោរពតាមវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។
ក្រសួងបានបញ្ជាក់ថា ជារួម ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាម តែងបានធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ តែផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារពត៌មាន គ្មានវិជ្ជាជីវៈ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារ នៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យប្រឆាំងនឹងមន្ត្រីកម្ពុជា៕