តស៊ូអស់ពេល ២០ ឆ្នាំក្នុងសិល្បៈកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននាំភាពជោគជ័យមកកាន់ប្រទេសនិងត្រៀមស្នាដៃថ្មីៗទៅកាន់ទីផ្សារអន្តរជាតិ ! 

ទន្ទឺមនឹងស្នាដៃជាច្រើនកំពុងល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនដែលបានតស៊ូអស់ពេល ២០ ឆ្នាំ នៅក្នុងវិស័យចម្រៀង រហូតបានឈានចូលដល់ទីផ្សារអន្តរជាតិ ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺនៅពីក្រោយភាពជោគជ័យរបស់កំពូលតារាចម្រៀងរូបនេះ គឺមានបងប្រុសដ៏ខ្លាំងម្នាក់ជួយជ្រោមជ្រែងពីក្រោយខ្នង ។ 

ប៉ុន្មានខែចុងក្រោយនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យផ្ទុះខ្លាំងនៅក្នុងវិស័យចម្រៀង ទាំងក្នុងនិងក្រៅប្រទេសតាមរយៈ MV ចម្រៀង « Call Me Papa » ដែលមានចំនួនអ្នកចូលទស្សនាច្រើនមិនធម្មតា ដោយសារតែនៅក្នុង MV ចម្រៀងមួយបទនេះ ផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត បើប្រៀបធៀបទៅនឹង MV ចម្រៀងរបស់លោកនាពេលកន្លងមក គឺខុសប្លែកពីគ្នាឆ្ងាយណាស់  ។ 

ជាការពិតណាស់បន្ទាប់ពីបើកទំព័រនៃបទចម្រៀង « Call Me Papa » រួច កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានទំលាក់បទចម្រៀងជាបន្តបន្ទាប់ដែលបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀង ថៃ តាមរយៈបទចម្រៀងដែលមានចំណងជើងថា « អូនរាំអែន » ដែលបទចម្រៀងមួយបទនេះលោករំពឹងថា នឹងផ្ទុះខ្លាំងនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយសារតែនៅជុំវិញប្រទេស កម្ពុជា យើងដូចជា ប្រទេស ឡាវ និង ថៃ សុទ្ធតែរៀបចំពិធីបុណ្យចូលឆ្នាំ និង សង្រ្កាន្ត រាំលេងកម្សាន្តដូចគ្នា ។ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ជាក់ប្រាប់ថា កាលពីមិនទាន់ក្លាយទៅជាតារាចម្រៀងអាជីព រូបលោកធ្វើបទចម្រៀង និង ច្រៀង ស្តាប់តែខ្លួនឯងនិង គ្រួសារ ពេលលោកពញវ័យកាលណា លោកបានប្រលង និងចូលច្រៀងក្នុងផលិតកម្មដើម្បីធ្វើបទចម្រៀងជូនបងប្អូនទាំងប្រទេសស្តាប់ ហើយចុងក្រោយក៏បានល្បីទៅឆាកអន្តរជាតិ នេះគឺជាមោទនភាពដ៏ធំធេងបំផុតសម្រាប់រូបលោក ។ 

មកទល់ពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានប្រលូកក្នុងវិស័យចម្រៀងខ្ទង់ ២០ ឆ្នាំហើយ ហើយក៏ទទួលបានបទពិសោធច្រើនក្រាស់ក្រែងដែរ ជាពិសេសលោកទទួលបានការជួយជ្រោមជ្រែងខ្លាំងពីលោក​ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើត និង ជាទីព្រឹក្សាផ្ទាល់របស់លោក ទោះបីជាបទចម្រៀង ថ្មីៗរបស់លោកខ្លះពុំមែននិពន្ធដោយ លោក ខេមរៈ ភារុណ ផ្ទាល់ក៏ពិតមែន តែលោក ខេមរៈ ភារុណ បានផ្តល់ប្រឹក្សា និងជួយត្រួតពិនិត្យ និងទទួលខុសត្រូវចំពោះការងាររបស់លោក ខេមរៈ សិរីមន្ត ទាំងអស់ ។

ក្រឡេកមកមើលលោក ខេមរៈ ភារុណ វិញ ពេលរំលឹកដល់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យលោកក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក ដោយលោកបាននិយាយថា លោកពិតជាមានមោទនភាពខ្លាំងចំពោះលោក ខេមរៈ សិរីមន្ត ដែលជាប្អូនប្រុស គាត់បានតស៊ូយ៉ាងលំបាក ទំរាំតែអាចឈរជើងបានដូចសព្វថ្ងៃនេះ ជាពិសេសគាត់បានជួយក្រុមគ្រួសារច្រើន គាត់គឺជាប្អូនប្រុសដ៏ល្អបំផុតសម្រាប់លោក ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ទស្សនិកជន រាំលេងកម្សាន្ត ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីសហការការងារជាមួយបណ្តាប្រទេសមួយចំនួន ដើម្បីថតបទចម្រៀងរួមគ្នា និង បង្កើតភាពភ្ញាក់ផ្អើល នឹកស្មានមិនដល់ ដើម្បីជាកាដូដល់អ្នកគាំទ្រខ្លួន ៕