(ភ្នំពេញ)៖ ឈរនៅលើទីផ្សារសិល្បៈជាច្រើនឆ្នាំ កេរ្តិ៍ឈ្មោះរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត នៅតែល្បី ទោះបីជាមានតារាចម្រៀងស្រករក្រោយលេចមុខមកជាបន្តបន្ទាប់ក៏ដោយ។ ជាក់ស្តែងនៅដើមឆ្នាំ២០២៤នេះ គេសម្លឹងមើលឃើញការបទចម្រៀងរបស់លោកកំពុងវាយលុកទីផ្សារយ៉ាងខ្លាំង ដោយ CALL ME PAPA មានការគាំទ្រទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅលើបណ្តាញសង្គមនានា។
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងថា Call me papa អំឡុងពេលធ្វើខនសឺតធួរ បទនេះបងប្អូនគ្រប់ស្រទាប់ គាំទ្រគ្រប់ខេត្តទាំងអស់ មានការគាំទ្រមិនគួរឱ្យជឿ ហើយការគាំទ្រនោះធ្លាយដល់ក្រៅប្រទេស និងបណ្តាញសង្គម Tiktok ជាង១ពាន់លាន ហើយយូធូប ក៏មានទស្សនា២០លានដង និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
ជាមួយនឹងភាពជោគជ័យបែបនេះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏មិនភ្លេចអ្នកនៅពីក្រោយជួយជ្រោមជ្រែងនៅជាមួយលោកជិត២០ឆ្នាំ គឺលោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើត ទោះជាបទចម្រៀងថ្មីៗលោកពុំមែនជាអ្នកនិពន្ធ ប៉ុន្តែលោក ខេមរៈ ភារុណ បានផ្តល់ប្រឹក្សា និងត្រួតពិនិត្យខុសត្រូវចំពោះការងាររបស់ឧកញ៉ា ខេមរៈ សិរីមន្ត។
និយាយពីបងប្រុសរបស់ខ្លួន ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហាញទឹកមុខពោរពេញដោយមោទនភាពថា ទោះបីបងប្រុសរបស់ខ្លួនមមាញឹកយ៉ាងណា ក៏បងប្រុសនៅខិតខំធ្វើការទាំងផ្នែកសិល្បៈ និងផ្នែកអប់រំវិញ លោក ខេមរៈ ភារុណ ទើបទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) ជំនាញរដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ជាមួយនឹងការប្តេជ្ញាចិត្តនាំយកចម្រៀងខ្មែរ កាន់ទីផ្សារអន្តរជាតិ លោកក៏បានលើកឡើងថា ក្រុមការងារផលិតកម្ម GALAXY LENG NAVATRA ខិតខំសម្រិតសម្រាំង ជាពិសេសជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ។ ជាពិសេសឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហើបថា លោកក៏បានសហការជាមួយប្រទេសធំៗជាច្រើនទៀត ហើយ MV ចម្រៀងក៏បានថតរួចរាល់ នឹងរង់ចាំបង្កើតភាពភ្ញាក់ផ្អើល និងមិនគួរឱ្យជឿ ដល់អ្នកគាំទ្រ៕