នាយឧត្តមសេនីយ៍ ស ថេត៖ ក្រុមក្មេងទំនើង តែងតែធ្វើតេស្តឃើញមានសារធាតុញៀន, តើអនាគតរបស់ប្រទេសជាតិនឹងទៅជាយ៉ាងណា?

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឲ្យពង្រឹងបញ្ហាគ្រឿងញៀន ពិសេសនៅតាមក្លិបកម្សាន្ត ព្រោះគ្រឿងញៀនក៏នៅតែជាក្តីកង្វល់របស់សកលលោក ប្រទេសនៅក្នុងតំបន់ ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ។ គ្រឿងញៀន គឺបានបំផ្លាញអនាគតរបស់យុវវ័យ តើអនាគតរបស់ប្រទេសជាតិយើងនឹងទៅជាយ៉ាងណាក្នុងរយៈពេលដ៏វែងឆ្ងាយ។
ឯកឧត្តមបន្តថា ក្រុមក្មេងទំនើងដែលបង្កបញ្ហានៅក្នុងសង្គមក្រោយការចាប់ខ្លួនតែងតែធ្វើតេស្តរកឃើញមានសារធាតុញៀន ដែលនេះជាការបង្កើតបញ្ហាដល់សង្គម ដែលយើងទាំងអស់គ្នាក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែរួមគ្នាបង្ការ បង្រ្កាបអោយដល់ឫសគល់។

ការណែនាំនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងណែនាំស្តីពីការងារបុគ្គលិក នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតបានណែនាំឱ្យនាយនគរបាល ដែលទើបបានទទួលតំណែង និងបំពាក់ឋានន្តរស័ក្តិថ្មី ត្រូវអនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការដឹកនាំអង្គភាពអោយមានការរីកចំរើនសំដៅថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកជាមួយក្រសួងមហាផ្ទៃ ជាមួយរាជរដ្ឋាភិបាលធ្វើយ៉ាងអោយសភាពការណ៍ ក្នុងប្រទេសមានភាពស្ងប់ស្ងាត់ទាំងផ្នែកនយោបាយ និងផ្នែកបច្ចេកទេសការងារសន្តិសុខ។

ទន្ទឹមនោះ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាពរបស់ខ្លួន និងត្រូវសហការគ្នាធ្វើកិច្ចការងារអោយបានសំរេចតាមទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតប្រគល់ជូន៕