រដ្ឋាភិបាលជប៉ុន ផ្ដល់ថវិកាសរុបចំនួន ៧៦,៣៣៣ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយមួយ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូ ណ៌)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២១ ខែមីនានេះ ដោយលោកឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូ ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)។
ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ដំបូលសម្រាប់ទីលានបាល់បោះរទេះ ជនពិការ ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។ ដោយសារទីលានប្រកួតមិនមានដំបូល អត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិច ក្នុងការហាត់សមនាពេលព្រឹក ឬពេលល្ងាច នៅពេលព្រះអាទិត្យមិនសូវក្ដៅខ្លាំង ឬអាចមិនហាត់សម តែម្ដងនៅពេលមានភ្លៀងធ្លាក់។
តាមរយៈគម្រោងនេះ រំពឹងថា អត្តពលិកអាចហាត់សមបាន គ្រប់ពេលវេលា មិនថាថ្ងៃ ឬយប់ និងអាកាសធាតុបែបណាក៏ដោយ ហើយនាំឱ្យក្រុមកីឡាបាល់បោះ រទេះជនពិការ ទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុនក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ លើសពីនេះ រំពឹងទុកយ៉ាងមុតមាំថា មនុស្សកាន់តែច្រើននឹងចាប់អារម្មណ៍ក្នុងការលេងកីឡា ហើយតាមរយៈការលេងកីឡា ពួកគេនឹងរស់នៅក្នុងសង្គមដែលមានសុខភាពល្អនៅថ្ងៃអនាគត។
គម្រោងទ្រង់ទ្រាយតូចវប្បធម៌ “គូសាណូណ៌” របស់ប្រទេសជប៉ុន រួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ វប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ ដែលសកម្មនៅកម្រិតមូលដ្ឋាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ៕
អត្ថបទ៖ អក្ខរា