ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង ១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។
ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។
ភាពល្បីល្បាញនៃប្រាសាទអង្គរវត្ត ត្រូវបានគេហទំព័រ Mornings.co.uk ប្រមូលទិន្នន័យស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅប្រទេសប្រមាណ ៧២ នៅជុំវិញពិភពលោក។ ក្នុងនោះ ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេថា ជាកន្លែងដែលល្អបំផុតសម្រាប់ការមើលថ្ងៃរះ ពោលគឺជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាសុីអាគ្នេយ៍ និងពិភពលោក៕
អត្ថបទ៖ អក្ខរា