បេសកកម្មសំអាតទន្លេរយៈពេល៥ ឆ្នាំ របស់ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup) ចូលរួមចំណែកអនុវត្តយុទ្ធនាការភាពស្អាតលើផ្ទៃទឹករបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា បែបនេះក្នុងពិធីសម្ពោធ កម្មវិធីសម្អាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំ ជាផ្លូវការ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធទី២០ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចង្អុលបង្ហាញ និងបានណែនាំ ឱ្យដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមក ដែលផ្តោតលើមុំសំខាន់៣ ស្អាត បៃតង និងចីរភាព។ ហើយបេសកកម្មសម្អាតទន្លេនេះ រួមចំណែកដល់យុទ្ធនាការភាពស្អាតលើផ្ទៃទឹក របស់ក្រសួងបរិស្ថានជា និងការឈានឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
«ការចូលរួមពីអ្នកពាក់ព័ន្ធ ពិសេសវិស័យឯកជន និងដៃគូសហការ បានចូលរួមចំណែកយ៉ាងសំខាន់ ថែមទៀត ជាពិសេសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកសាងសង្គមស្អាត និងឱ្យកម្ពុជាស្អាតស្រស់បំព្រង គ្មានការបំពុល ជាពិសេសការបំពុលដោយប្លាស្ទិកទៅក្នុងទន្លេ»។ នេះជាការលើកឡើងបន្ថែមរបស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃទឹក នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយផ្តើមចេញពីការសម្អាតផ្ទៃទឹកបឹងទន្លេសាប តាមរយៈការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់សំណល់សំរាម ប្លាស្ទិក ហូរចូលក្នុងប្រភពទឹក និងការពង្រឹងការត្រួតពិនិត្យ លើទឹកកខ្វក់ហូរចេញពីរោងចក្រ ឧស្សាហកម្ម នានាចូលទៅអូរ ប្រឡាយ បឹង និងទន្លេជាដើម ដែលជាប្រភពទឹក និងប្រូតេអ៊ីនដ៏សំខាន់ របស់កម្ពុជា សម្រាប់ការចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមបរិស្ថាន ជាពិសេសសំរាមនៅក្នុងទឹកដែលកំពុងបំពុលទឹកទន្លេ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup) បានសម្ពោធកម្មវិធីសំអាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕