សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋានប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្តិចទៀត មានបុរីជនបទ ដែលសហការគ្នារវាងស្ថាប័នពាក់ព័ន្ធ ព្រោះបុរីជនបទ សំដៅរៀបចំភូមិ ឃុំ ឲ្យសមរម្យសម្រាប់ប្រជាពលរដ្ឋរស់នៅទាំងជីវភាព កិតិ្តយស និងលទ្ធភាពដែលអាចធ្វើបានដូចជាការកសាងផ្លូវ ប្រព័ន្ធទឹកស្អាត សាលារៀន មន្ទីរពេទ្យ នេះជាគោលការណ៍ដែលយើងត្រូវធ្វើ និងត្រូវបន្ត។
សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី នឹងបន្តការអភិវឌ្ឍន៍នៅទីជនបទបន្ថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅទីជនបទឱ្យកាន់តែល្អប្រសើរ។ គិតត្រឹមឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ផ្លូវជនបទ បានជាង ៥ម៉ឺនគីឡូម៉ែត្រ គ្រប់ដណ្តប់ជាង ៧០ភាគរយ នៅទូទាំងប្រទេស។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា រាជរដ្ឋាភិបាលនីតិកាលថ្មីបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណាកាត់បន្ថយគម្លាតនៃការរស់នៅរវាងប្រជាពលរដ្ឋនៅទីជនបទ និងទីក្រុង៕
អត្ថបទ៖ អក្ខរា