សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារលិខិតអបអរសាទរ និងជូនពរ លោក វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោតជា ប្រធានាធិបតីជាប់ឆ្នោតសហព័ន្ធរុស្ស៊ីជាថ្មី។
តាមរយៈសារលិខិតអបអរសាទរ និងជូនពររផ្ញើជូនលោក វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានសម្តែងការអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនលោក ពូទីន ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តជាប់ឆ្នោតជាប្រធានាធិបតីសហព័ន្ធរុស្ស៊ីសម្រាប់អាណត្តិថ្មីនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកជ័យជម្នះនេះជាសក្ខីភាពដ៏រឹងមាំ និងការទទួលស្គាល់លើស្នាដៃ ដែលលោក វ្ល៉ាឌីមៀ ពូទីន បាននាំមកជូនប្រជាជាតិរុស្ស៊ី។
ក្នុងសារលិខិតដដែល, សម្តេចធិបតី បានគូសរំលេចថា ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនង៧០ឆ្នាំមកនេះ កម្ពុជា និងរុស្ស៊ី បានរីករាយនឹងទំនាក់ទំនងប្រពៃណីនៃមិត្តភាពដ៏កក់ក្តៅ និងពិតប្រាកដ ដែលចងភ្ជាប់ដោយមនោសញ្ចេតនាដ៏រឹងមាំ នៃទំនុកចិត្តផ្នែកនយោបាយ ការគោរព និងការយោគយល់គ្នាទៅវិញទៅមក ដោយឈរលើតម្លៃរួម និងផលប្រយោជន៍រួម។សម្តេចធិបតីមានជំនឿថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្ពុជា និងរុស្ស៊ី នឹងអាចប្រើប្រាស់សក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរនៅក្នុងវិស័យជាក់ស្តែងដែលមានស្រាប់ និងបន្តទៅអនាគត។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ពូទីន និងរដ្ឋាភិបាលរុស្ស៊ី ដើម្បីបង្ហាញពីសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-រុស្សី ឲ្យកាន់តែប្រសើរឡើង ដើម្បីជាផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ និងនាំមកនូវផ្លែផ្កាថ្មីបន្ថែមទៀត សម្រេចបាននូវសន្តិភាព ភាពសុខដុម និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក៕
អត្ថបទ៖ អក្ខរា