ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បញ្ជាក់ពីស្ថានភាពក្រោយថ្ងៃចាត់វិធានការច្បាប់ចំពោះក្រុមអនាធិបតេយ្យ ដែលទន្ទ្រានដីរដ្ឋខុសច្បាប់កាលពីថ្ងៃទី០៦ ខែមីនាកន្លងមក។ ឯកឧត្តម បានអះអាងថា មិនមានពលរដ្ឋក្នុងភូមិមានជម្លោះដីធ្លីរត់ចូលព្រៃ ដូចការផ្សាយរបស់វិទ្យុបរទេសនោះទេ។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំ សន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាលទ្ធផលនៃការអនុវត្តច្បាប់ការពារដីរដ្ឋនៅភូមិសាស្ដ្រស្រុកគូលែន ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទសារព័ត៌មាន សាលាខេត្តព្រះវិហារ។
ឯកឧត្តមបានថ្លែងថា មានវិទ្យុបរទេសដែលផ្សាយថា មានពលរដ្ឋមួយក្រុមរត់ចូលព្រៃនោះ មកដល់ពេលនេះ រដ្ឋបាលខេត្តពុំដឹងថា មានប្រជាជនប៉ុន្មាននាក់ ហើយនៅទីណា ហើយរត់ចូលព្រៃនៅពេលណាទេ គឺគាត់ពុំបានរាយការណ៍មកភូមិ ឃុំ ស្រុកនោះទេ។ តែផ្ទុយទៅវិញ ពួកគេខលទាក់ទងដែលទៅវិទ្យុបរទេស ថាអត់បាយហូប អត់ទឹកផឹក ដើម្បីដាក់សម្ពាធមករដ្ឋបាលខេត្ត។ ករណីបាត់ប្រជាជនក្នុងភូមិនេះ, បើតាមឯកឧត្តម គឹម រិទ្ធី បានសាកសួរទៅមេភូមិ និងអ្នកភូមិនៅជុំវិញ គឺមានការបញ្ជាក់មិនមានបាត់សមាជិកណាម្នាក់ទេ៕
អត្ថបទ៖ អក្ខរា