សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់គោលការណ៍ណែនាំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើយ៉ាងណា ដេញថ្លៃថ្នាំក្នុងឆ្នាំនេះ ឲ្យធានាគុណភាព និងតម្លៃសមរម្យ ដើម្បីរុញទៅដល់មូលដ្ឋាន។ សម្តេចណែនាំឲ្យគិតគូរពីថ្នាំដែលសំខាន់ដូចជាថ្នាំលើសឈាម និងទឹកនោមផ្អែម ដែលអាចត្រូវបង្កើនបរិមាណមួយចំនួនឲ្យទៅប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយោលកុំឲ្យគាត់ពិបាកឡើងចុះ ព្រោះនេះជាជំងឺអចិន្ត្រៃយ៍ ដែលធ្វើយ៉ាងណាត្រូវកាត់បន្ថយ។ សម្តេចធិបតីបានថ្លែងនៅរសៀលថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ”។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្លាប់បានឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការដូចជា ថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការលំបាកដល់អ្នកជំងឺដែលត្រូវការថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
សម្តេចក៏បានឱ្យគោលការណ៍ទៅក្រសួងសុខាភិបាល ត្រូវធានាដេញថ្លៃទិញថ្នាំ និងសម្ភារៈបរិក្ខាពេទ្យ ដើម្បីធ្វើយ៉ាងណាទម្លាក់ទៅដល់មណ្ឌលសុខភាព នៅតាមមូលដ្ឋាន ត្រូវមានថ្នាំល្អ មិនហួសសុពលភាព និងមានសម្ភារៈបរិក្ខាពេទ្យដែលមានគុណភាពខ្ពស់ ដែលជាកិច្ចការសំខាន់សម្រាប់ជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា៕
អត្ថបទ៖ អក្ខរា