ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៥០នាទីរសៀល មានករណីអគ្គិភ័យឆាបឆេះ អគាររោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ( R.G FOOTWEAR (CAMBODIA) CO., LTD.) ដែលស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានកម្មករនិយោជិតធ្វើការចំនួន ២ ២០៥នាក់ (ស្រី ១០៣៦នាក់)។ បន្ទាប់ពីទទួលព័ត៌មានភ្លាម ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រកបដោយ ការយកចិត្តទុកដាក់បំផុត។ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកមូលហេតុដែលបង្កឱ្យមានអគ្គិភ័យ រីឯកម្មករ និយោជិតពុំមានរងគ្រោះថ្នាក់ណាមួយទេ។
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង បន្តចុះពិនិត្យ និងសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ថៅកែ រដ្ឋបាលរោងចក្រ និងតំណាងកម្មករនិយោជិត ដើម្បីការពារអត្ថប្រយោជន៍ផ្សេងៗ របស់បងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះ ក្រសួងសម្តែងនូវសេចក្តីសោកស្តាយបំផុតចំពោះឧបទ្ទវហេតុ អគ្គិភ័យនេះ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកជា ច្រើនរូបដែលបានចុះអន្តរាគមន៍នៅទីតាំងកើតហេតុយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់បំផុត ដើម្បីពន្លត់និងគ្រប់គ្រងស្ថានភាពអគ្គិភ័យ មិនឱ្យរាលដាលដល់រោងចក្រ និងកន្លែងផ្សេងទៀត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ និយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ដើម្បីជួយសម្រាលទុក្ខ លំបាករបស់បងប្អូនកម្មករនិយោជិត ក្រសួងសូមបញ្ជាក់ថា សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំ សុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែទទួលបាន អត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ជាធម្មតា។
ក្នុងករណីបងប្អូនកម្មករនិយោជិតចង់ស្វែងរកការងារ បងប្អូនកម្មករនិយោជិតក៏អាចចាប់យកឱកាស ការងារថ្មីតាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។ ក្រសួងនឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិត នៅម្ដុំរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ ដើម្បីឱ្យបងប្អូនទទួលបានឱកាសការងារថ្មីជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹងតំបន់ដែលបងប្អូនរស់នៅស្រាប់ ឬទាក់ទងមក Hotline ១២៨៦ និង ១២៩៧ ឬទាក់ទងមក លេខទូរស័ព្ទ ០៧៧ ២៣២ ៣៧៨ ឬ ០១៦ ៧៨៦ ៦៥៥ (Telegram)៕