ធនាគារពិភពលោក (World Bank) ផ្តល់ហិញ្ញប្បទានបន្ថែមចំនួន៣៥លានដុល្លាអាមេរិក សម្រាប់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជានឹងអាកាសធាតុនៅកម្ពុជា។តាមរយៈឥណទាននេះ ផ្លូវជនបទជាច្រើនខ្សែនៅក្នុងខេត្តចំនួន៣ ក្នុងប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងមានភាពរឹងមាំកាន់តែប្រសើរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នខាងលើ ផ្សាយចេញកាលពីចុងសប្តាហ៍។
សេចក្តីប្រកាសដដែល បានឱ្យដឹងថា ផ្លូវជនបទជាច្រើនខ្សែនៅក្នុងខេត្តចំនួនបីក្នុងប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ ដើម្បីទទួលបានសេវាថែទាំសុខភាព និងទីផ្សារសំខាន់ៗ បន្ទាប់ពីគណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តឥណទានចំនួន ៣៥លានដុល្លាអាមេរិក បន្ថែម សម្រាប់គម្រោងនេះ។
ប្រភពដដែលបន្តថា សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ផ្តល់ឥណទានបន្ថែមនេះសម្រាប់ “គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់” Cambodia Road Connectivity Improvement Project (RCIP) ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីផ្សារ, ទៅសាលារៀន និងទៅរកសេវាសុខាភិបាល នៅខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ។
ខេត្តទាំងបីនេះ មានប្រជាជនសរុបជាង ២លាននាក់ ដែលក្នុងនោះ ៨០% រស់នៅតាមតំបន់ជនបទ។ គម្រោង RCIP នេះត្រូវបានអនុម័តកាលពីខែកក្កដា ឆ្នាំ២០២០ ក្រោមហិរញ្ញប្បទានចំនួន ១០០លានដុល្លាអាមេរិក។
ធនាគារពីភពលោកបន្តថា ឥណទានបន្ថែមនេះ នឹងជួយបំពេញការទូទាត់ឱ្យចំណាយគម្រោង ដែលបានឡើងថ្លៃខ្ពស់ជាងការគ្រោងទុក ជាពិសេស នៅក្នុងកិច្ចសន្យាធ្វើផ្លូវ។ លើសពីនេះ កិច្ចការនវានវុត្តន៍មួយចំនួនដែលការសិក្សាស្ទង់លម្អិតបានរកឃើញ និងការរចនាផ្នែកវិស្វកម្មសម្រាប់គម្រោងផ្លូវ ក៏តម្រូវឱ្យមានថវិកាទ្រទ្រង់ថែមទៀតដែរ ខណៈបច្ចុប្បន្ននេះ ការងារស្តារសម្បទាផ្លូវត្រូវបានអនុវត្តលើផ្លូវប្រវែង ១៣០គម នៃផ្លូវជាតិនិងផ្លូវខេត្តគោលដៅ និងលើផ្លូវ ១៤២គមនៃ ប្រវែងសរុប ២៧៩គម នៃផ្លូវជនបទដែលជាគោលដៅ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “លទ្ធភាពចូលទៅរកសេវាថែទាំសុខភាព និងសាលារៀន និងការដឹកជញ្ជូនទំនិញទៅកាន់ផ្សារ សុទ្ធតែជាបញ្ហាប្រឈមធំណាស់ សម្រាប់ពលរដ្ឋកម្ពុជារស់នៅតាមទីជនបទ ជាពិសេស នៅក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ស្ថានភាពផ្លូវអន់ និងការកាត់ផ្តាច់ដោយទឹកជំនន់ និងចំណាយខ្ពស់លើការដឹកជញ្ជូន បង្កឧបសគ្គធំៗដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការសង្គ្រោះបន្ទាន់ សម្រាប់ស្ត្រីមានផ្ទៃពោះ។”
យ៉ាងណាមិញ ធនាគារនេះ ក៏បានបង្ហាញក្តីរំពឹងថា គម្រោងនេះក៏ជួយផងដែរ ដល់ការអភិវឌ្ឍផ្នែកស្ថាប័នសំខាន់ៗ នៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ដែល ទាំងពីរនេះ ជាភ្នាក់ងារអនុវត្តន៍គម្រោង។ ការងារអភិវឌ្ឍស្ថាប័ននោះរួមមាន ការរៀបចំបង្កើតយុត្តិសាស្ត្រហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ផ្លូវជនបទធន់អាកាសធាតុ ការគាំទ្រដល់ការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ និងការគ្រប់គ្រង់កិច្ចសន្យាផ្អែកលើសមិទ្ធកម្មការងារ សម្រាប់ការកែលម្អ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឱ្យមានចីរភាពកាន់តែប្រសើរឡើង៕