អតីតអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នាព្រឹកថ្ងៃសៅរ ទី១៦ ខែមីនានេះបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមរបាយការណ៍ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បានប្រមាណ៧លាននាក់ ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាស ប្រហែលចំនួន ១០,០០០តោន ក្នុងមួយឆ្នាំ។ ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយ ៥១គីទ្បូម៉ែត្រ ពីក្រុងសៀមរាប។
ជាមួយគ្នានោះ ឯកឧត្តម ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិកា គណៈកម្មការ មានសេចក្តីរីករាយ មោទនភាព និងការសាទរ នៅពេលដែលបានឃើញទិដ្ឋភាពដោយផ្ទាល់ភ្នែក នៃកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានការកើនឡើងវិញជាបណ្តើរៗ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕