សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនួបកន្លងមក បានទាក់ទាញការវិនិយោគមកកម្ពុជា ១៧៣គម្រោង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៦ខែមកនេះ ក្រោយបង្កើតរដ្ឋាភិបាលថ្មី មានគម្រោងថ្មី១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅ CDC។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងចំណោមអ្នកដែលបានជួបសម្តេចរាប់រយកន្លងមក មានមួយចំនួនជ្រើសរើសកម្ពុជាសម្រាប់វិនិយោគ និងមួយចំនួនទៀត មិនទាន់សម្រេចចិត្តជ្រើសរើសកម្ពុជានៅឡើយ ហើយអ្នកដែលជ្រើសរើសមាន ១៧៣គម្រោង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៦ខែមកនេះ មានទុនវិនិយោគ៤១៥០លានដុល្លារ នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងចំណោមគម្រោងវិនិយោគនៅកម្ពុជា ១៧៣គម្រោងនេះ បានបង្កើតការងារប្រមាណជាង១៧ម៉ឺនកន្លែង។ សម្តេចបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅថ្ងៃទី១៥ ខែមីនានេះ នៅវិមានសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រយៈពេល៦ខែ នៃការដើរទាក់ម៉ូយ មិនមែនទាក់បានតែខ្យល់ទេ គឺទាក់បានគម្រោងទាំងនេះដែរ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ទៀតថា ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមាន៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤រោងចក្រ៕

អត្ថបទ៖ អក្ខរា