ក្នុងរយៈពេល ៦៣ថ្ងៃ ក្រោយពីក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការ “ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌” ដែលរួមមាន យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤, សាលាដំបូង រាជធានី ខេត្ត ទូទាំងប្រទេស បានដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាន បានចំនួនប្រមាណ ៦,៨០០សំណុំរឿង ស្មើនឹង ៩៩% នៃចំនួនសំណុំរឿងដែលនៅសល់មុនពេលចាប់ផ្តើមយុទ្ធនាការ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពនៃការដោះស្រាយសំណុំរឿងអត្រានុកូលដា្ឋន នៅតាមសាលាដំបូងរាជធានី ខេត្ត។
ក្រសួងយុត្តិធម៌ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការ នៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តីទាំងអស់ ព្រមទាំងសមាជិកនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ គណៈកម្មការ ដឹកនាំ និងអនុវត្តយុទ្ធនាការ និងក្រុមការងារដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តយុទ្ធនាការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល៕