រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាព ៥យ៉ាង គឺមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ ក្នុងចំណោមបញ្ចកោណទាំងនេះ គឺមានបញ្ចកោណទី៥ ដែលនិយាយផ្តោតលើបច្ចេកវិទ្យាទាំងមូលតែម្តង ដែលឆ្លុះបញ្ចាំងទៅក្នុងយុទ្ធសាស្ត្របញ្ចកោណផង និងក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផង ដែលផ្តោតទៅលើការគ្រប់គ្រងនិងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍ និងរុញកម្ពុជាឱ្យឈានទៅដល់ចក្ខុវិស័យ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យ AI និងសន្តិសុខសាយប័រ ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអ្នកនាំពាក្យ ក្រុមការងារ និងមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិមកពីគ្រប់បណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត សរុបប្រមាណជាង ៣៥០ រូប ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តដល់ក្រុមការងារ និងមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិមកពីគ្រប់បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវពង្រឹងកិច្ចសហការគ្នាដោយប្រទាក់ក្រឡា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម ហើយត្រូវតាមដាន គ្រប់គ្រងព័ត៌មានឱ្យបានលឿន និងចូលរួមទប់ស្កាត់ បង្កា និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយទាំងនោះឱ្យបានទាន់ពេលវេលា និងត្រូវចាត់ទុកថា នេះគឺជាបេសកកម្មអាទិភាពឆ្លើយតបទៅនឹងការគំរាមកំហែង ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ជាពិសេស តាមរយៈការប្រើបច្ចេកវិទ្យា AI ក្នុងផ្លូវអាក្រក់។
ឯកឧត្តម វង្សី វិស្សុត បានក្រើនរំលឹកដល់ដល់ក្រុមការងារ និងមន្រ្តីទទួលបន្ទុកព័ត៌មាន និងសាធារណមតិទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តភារកិច្ច និងទទួលយកការសម្របសម្រួលពីក្បាលម៉ាស៊ីនថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិទទួលបន្ទុកព័ត៌មាន និងសាធារណមតិ បន្តទៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងលើកទឹកចិត្តឱ្យមានការជជែកពិភាក្សាគ្នាឱ្យបានច្រើនទាំងក្នុងកម្រិតនយោបាយ, បច្ចេកទេស និងជំនាញ ដោយបង្កើនការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងព័ត៌មាន និងទិន្នន័យ ទាំងពិត និងក្លែងក្លាយ ហើយត្រូវបន្សាបព័ត៌មានក្លែងក្លាយឱ្យបានលឿន រហ័ស និងទាន់ពេលវេលា និងសាបព្រោះទៅវិញនូវព័ត៌មានពិត ព័ត៌មានវិជ្ជមាន ដែលមានប្រយោជន៍ដល់សង្គមជាតិ និងធានាឱ្យបានដាច់ខាតនូវសន្តិសុខនយោបាយ សន្តិសុខសេដ្ឋកិច្ច សន្តិសុខបុគ្គល និងគ្រួសារ ក៏ដូចជាសន្តិសុខសង្គមទាំងមូលរបស់ប្រទេសជាតិយើង៕