គេដឹងសឹងគ្រប់គ្នាហើយថា វិទ្យុអាស៊ីសេរី គឺជាឃ្លាំងផ្ទុក និងផលិតនូវព័ត៌មានក្លែងក្លាយនានា ដើម្បីលាបពណ៌ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន។ ថ្មីៗនេះ ក៏លេចឡើងនូវឃ្លាំងផលិតព័ត៌មានក្លែងក្លាយមួយទៀត នោះ គឺសារព័ត៌មាន VOD ដែលជាសារព័ត៌មានអត់ច្បាប់ ដូចវិទ្យុអាស៊ីសេរី និងសារព័ត៌មាន The Cambodia Daily Khmer ដែរ។
មួយរយៈចុងក្រោយនេះ សារព័ត៌មានអត់ច្បាប់VOD បានចេញផ្សាយនូវព័ត៌មានផ្សេងៗដែលលក្ខណៈលាបពណ៌ និងទម្លាក់កំហុស ទម្លាក់បញ្ហាទៅលើរាជរដ្ឋាភិបាលកម្ពុជា និងទៅលើសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាក់ស្តែង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានដែលដឹកនាំដោយលោក ប៉ា ងួនទៀង ដែលជាបុគ្គលល្មើសច្បាប់រត់ចោលស្រុក បានចេញព័ត៌មានដែលគ្មានមូលដ្ឋានថា រដ្ឋាភិបាលថ្មី នឹងបរាជ័យអូសទាញអ្នកវិនិយោគបើមិនស្តារប្រជាធិបតេយ្យ។ ព័ត៌មាននេះ ជាប្រភេទបទអត្ថាធិប្បាយ និងបញ្ចេញបញ្ចូលបន្ថែមដោយអ្នកសែតខ្លួនឯង ចាកឆ្ងាយពីការពិត និងជៀសផុតពីវិជ្ជាជីវៈសារព័ត៌មានថែមទៀត។
មិនត្រឹមតែជាព័ត៌មានមិនពិត និងមានលក្ខណៈប្រតិកិរិយាប៉ុណ្ណោះទេ តែព័ត៌មាននេះ ជាការប្រមាថមើលងាយដល់ទឹកចិត្ត ដូចជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ជាពិសេស គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខរាជរដ្ឋាភិបាលវ័យក្មេង និងដ៏ឆ្នើមរបស់កម្ពុជា។ សាធារណជនគ្រប់ស្រទាប់វណ្ណៈសុទ្ធតែបានដឹង និងមើលឃើញស្រាប់ហើយពីការខិតខំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបានអញ្ជើញចេញទៅក្រៅប្រទេស គៀងគរ និងទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងប្រទេសឯណោះវិញ សម្តេចធិបតី បានខិតខំបង្កើននូវហេដ្ឋារចនាសម្ព័ន្ធ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ទាំងសម្រាប់វិនិយោគិន និងទាំងសម្រាប់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះទេ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានចាត់វិធានការជាច្រើននាពេលកន្លងមក ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា ជាប្រទេសមានសុខសន្តិភាព សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់។
ប៉ុន្តែ ការខិតខំ និងសមិទ្ធផលទាំងអស់នេះ មិនត្រូវបានក្រុមប្រឆាំង និងសារព័ត៌មានរណបពួកគេដូចជាយ៉ាង អាស៊ីសេរី VOA VOD និងThe Cambodia Daily Khmer យកភ្នែកមើលទេ។ ផ្ទុយទៅវិញ ពួកគេរិះរកតែចំណុចណាដែលអាចទម្លាក់កំហុស និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាបាន។ ចំណុចដែលពួកគេយកមកធ្វើការរិះគន់ទៀតសោត សុទ្ធតែជាព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃទាំងអស់ គ្មានពិតមួយណាទេ។
សូមរំលេចឱ្យដឹងបន្តិចពីសារព័ត៌មានអត់ច្បាប់ VOD គឺថា សារព័ត៌មានមួយនេះ ដំបូងឡើយជាសារព័ត៌មានដែលមានច្បាប់ត្រឹមត្រូវពីក្រសួងព័ត៌មានកម្ពុជា ប៉ុន្តែ ដោយសារចុះផ្សាយព័ត៌មានមិនពិត ខុសវិជ្ជាជីវៈក្រមសីលធម៌ ក៏ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាប័ណ្ណតែម្តង។ រឿងមិនពិតដែលសារព័ត៌មាននេះបានចុះផ្សាយបង្កជារឿងរ៉ាវធំនោះ គឺការផ្សាយមានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះសម្តេច ហ៊ុន ម៉ាណែត ថា បានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិត មិនមានការចុះហត្ថលេខាឡើយ។ សម្តេចតេជោ ហ៊ុន សែន ដែលពេលនេះ ជានាយករដ្ឋមន្រ្តី និងសម្តេច ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ ដើម្បីថ្នាក់ដឹកនាំសារព័ត៌មាននេះ ធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួន។ ប៉ុន្តែ ពួកគេផ្គើនម្តងហើយម្តងទៀត និងមានៈ ទើបចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តែម្តងទៅ៕
ដោយ៖ ជម្ពូនុទ