មិនធ្លាប់ប្រកាសបែកគ្នាជាផ្លូវការជាមួយស្វាមីជនជាតិ ថៃ ផង ស្រាប់តែពេលនេះអតីតតារាសម្តែង ថន ដារ៉ា ដែលត្រូវជាបងស្រីរបស់ពិធីការិនី ថន លក្ខិណា បានភ្ជាប់ពាក្យហើយជាមួយបុរសដែលមានម្នាក់នៅព្រឹកថ្ងៃទី ១៣ ខែ មីនា នេះ ។
តាមរយៈរូបភាពដែលកញ្ញា ថន លក្ខិណា បានបង្ហោះនេះបញ្ជាក់ឱ្យឃើញថា បងស្រីរបស់ខ្លួន ថន ដារ៉ា បានភ្ជាប់ពាក្យជាផ្លូវការហើយ បន្ទាប់ពីបានរៀបចំពិធីចូលចែចូវទៅតាមប្រពៃណីនៅក្នុងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤ នេះ ។
បន្ទាប់ពីឃើញរូបភាពភ្ជាប់ពាក្យរបស់តារាស្រី ថន ដារ៉ា បែបនេះ បានធ្វើឱ្យមិត្តសិល្បករមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ ថន ដារ៉ា មិនធ្លាប់បានប្រកាសលែងលះជាមួយអតីតស្វាមីជនជាតិ ថៃ របស់ខ្លួនពីមុនមកឡើយ ។ តែទោះជាយ៉ាងណាទាំងអ្នកក្នុងនិងក្រៅសិល្បៈម្នាក់ៗសុទ្ធតែផ្ញើសារជូនពរនាងមានសុភមង្គលគ្រប់ៗគ្នា ។
កន្លងមក ថន ដារ៉ា មិនធ្លាប់ប្រកាសថា ខ្លួនលែងលះជាមួយអតីតស្វាមីដែលជាជនជាតិ ថៃ នោះទេ ភាគច្រើននៅពេលដែលមិត្តភក្តិ ឬ អ្នកគាំទ្រសួរនាំពីរឿងគ្រួសារ គឺនាងព្យាយាមលាក់បាំង នាងបានត្រឹមតែនិយាយថា នាងមកនៅស្រុក ខ្មែរ បណ្តោះអាសន្ន ។
មកទល់ពេលនេះមានរយៈពេលជិត ៤ ឆ្នាំហើយដែល ថន ដារ៉ា បានចាកចេញពីអតីតស្វាមី ថៃ មករស់នៅក្នុងស្រុក ខ្មែរ ដែលជាដែនដីកំណើតរបស់ខ្លួនវិញ បន្ទាប់ពីមានបញ្ហាជាមួយអតីតស្វាមីរបស់ខ្លួន ៕