“បងប្អូនដែលលក់ផលិតផល សុំគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង នេះជាការធ្វើបុណ្យ បើមិនបានជួយអីគាត់ កុំយកបាបឱ្យគាត់ ហើយអ្នកប្រើសុំឲ្យគិតគូរលើការអប់រំសុខភាពផង”។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
គួរកត់សម្គាល់ថា កន្លងមកឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានច្បាប់អនុញ្ញាតតាមប្រព័ន្ធអនឡាញ ឬបណ្តាញព័ត៌មានសង្គមនានា ដោយអ្នកមិនមែនជាអ្នកវិជ្ជាជីវៈសុខាភិបាល បានធ្វើការផ្សព្វផ្សាយមានលក្ខណៈជា វិជ្ជាជីវៈសុខាភិបាល នូវផលិតផលឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព គ្រឿងសម្អាង និងផលិតផលបង្ការ ឬព្យាបាលជំងឺដោយប្រើប្រាស់ខ្លឹមសារមិនសមស្រប បំផ្លើសហួសពីការពិត និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រត្រឹមត្រូវ ដូចជាផលិតផលគ្រឿងសម្អាង ដែលបានផ្សាយថាធ្វើឱ្យស្បែកស ក្នុងរយៈពេលខ្លី និងឱសថសម័យ ឱសថបុរាណ ឬផលិតផលបំប៉នសុខភាពមួយចំនួន ដែលបានផ្សាយថា អាចព្យាបាលជំងឺបានច្រើនប្រភេទ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ផលិតផលទាំងនោះ អាចមានបន្ថែមសារធាតុហាមឃាត់ ឬមានសារធាតុដែលប្រើលើសកម្រិត ឬខុសរូបមន្ត បណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋ។ ក្រសួងធ្លាប់បានណែនាំចំពោះអាជីវករធ្វើអាជីវកម្មផលិតផលឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព គ្រឿងសម្អាង ឬផលិតផលបង្ការព្យាបាលជំងឺ ត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុចរិតភាព។
ដោយឡែក ប្រជាពលរដ្ឋ ក៏មិនត្រូវជឿលើការឃោសនាមិនសមហេតុផល ដែលគ្មានប្រភពច្បាស់លាស់ជា ពិសេសកុំទិញផលិតផលឱសថ ដាក់លក់តាមប្រព័ន្ធអនឡាញ ដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល ព្រោះការលក់ផលិតផលសុខភាព តាមអនឡាញជាការលក់មិនស្របច្បាប់ ហើយផលិតផលទាំងនោះ ពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ៖ អក្ខរា