នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុន សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេល នោះផងដែរ៕