អ្នកនាំពាក្យ៖ គ្រាប់ស្វាយចន្ទីលក់ចំណេញច្រើននៅពេលចាប់ផ្ដើមប្រមូលផល និងចំណេញតិចនៅពេលប្រមូលផលព្រមៗគ្នា

កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា ស្វាយចន្ទីគឺជាដំណាំដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និយាយដោយឡែក​ និងរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម កំណត់ជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្ពស់ សម្រាប់លើកស្ទួយជីវភាពប្រជាកសិករ វិស័យកសិកម្ម និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិ។

កញ្ញាបញ្ជាក់ថា ដូចគ្នាទៅនឹងដំណាំផ្សេងៗទៀតដែរ តម្លៃរបស់ស្វាយចន្ទីប្រែប្រួលឡើងចុះ អាស្រ័យលើបរិមាណផ្គត់ផ្គង់ និងតម្រូវការ។ តម្លៃគ្រាប់ស្វាយចន្ទីក៏លក់បានថ្លៃខុសគ្នាដែរ ទៅតាមទំហំ គុណភាព​ សំណើម និងប្រភេទពូជស្វាយចន្ទី។​​

អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានឲ្យដឹងទៀតថា គ្រាប់ស្វាយចន្ទីលក់ចំណេញច្រើននៅពេលចាប់ផ្ដើមប្រមូលផលនាដើមរដូវ និងចំណេញតិចនៅពេលដែលការប្រមូលផលធ្វើឡើងព្រមៗគ្នា ទាំងនៅកម្ពុជា និងនៅប្រទេសដែលនិយមទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា។ ផលចំណេញតិចឬច្រើនរបស់កសិករដាំស្វាយចន្ទី ក៏ខុសគ្នាដែរ អាស្រ័យលើបច្ចេកទេសនៃការដាំដុះ៖ ការបាញ់ថ្នាំ ការដាក់ជី កម្លាំងពលកម្មថែទាំស្វាយចន្ទី របៀបប្រមូលផលស្វាយចន្ទី សុទ្ធសឹងតែជាការចំណាយដែលជះឥទ្ធិពលទៅលើផលចំណេញរបស់បងប្អូនប្រជាកសិករ។ នេះគេនៅមិនទាន់និយាយដល់ការយល់ដឹងអំពីទីផ្សារ និងផែនការយុទ្ធសាស្ត្រនៃការលក់ដើម្បីទទួលបានថ្លៃខ្ពស់ផងទេ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម ដោយកំណត់បានពីកត្តាប្រឈមរបស់បងប្អូនប្រជាកសិករដែលដាំដុះដំណាំស្វាយចន្ទី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ​ជាតិស្តីពី​ស្វាយចន្ទី​ឆ្នាំ២០២២-២០២៧​ និងកម្មវិធីគោលនយោបាយ​អាទិភាពទី៥ និងទី៦ ដើម្បីជួយប្រជាកសិករ​ទាំងបញ្ហាបច្ចេកទេស ការផ្ដល់ឥណទានតាមករណីចាំបាច់ ដោះស្រាយមធ្យោបាយផលិត ការពារថ្លៃកសិផល និងជួយរកទីផ្សារលក់ជូនកសិករ ដូចមានចែងក្នុងមាត្រា៦១ និង៦២ នៃរដ្ឋធម្មនុញ្ញ។ ការចងក្រងសហគមន៍កសិកម្មទំនើប ជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលលោកត្រូវការការគាំទ្រ ទាំងក្នុងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗទៀត។ ចំណែក ប្រជាកសិករដែលលោកមានចំណេះជំនាញ ក្រសួងនៅតែផ្ដល់ការគាំទ្រតាមរយៈមន្ដ្រីកសិកម្មឃុំដែលនឹងដាក់ពង្រាយនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២៥។

“អ្វីដែលយើងនិយាយ យើងធ្វើ។ ធ្វើច្រើន កំហុសតែងតែមានចៀសពុំរួច។ យើងស្វាគមន៍ជានិច្ចចំពោះមតិរិះគន់ស្ថាបនា។ យើងនឹងបន្តរៀនសូត្រ កែលម្អ ហើយបន្តធ្វើការថែមទៀតដោយឥតរាថយ ដើម្បីផលប្រយោជន៍ប្រជាកសិករ វិស័យកសិកម្ម និងប្រជាជាតិ”។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងកសិកម្ម៕