អនុស្សរណៈនៃការយោគយល់ចំនួន៤ ត្រូវបានចុះហត្ថលេខាក្នុងវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ និងពិពណ៌បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មុំថ្មី១ “បច្ចេកវិទ្យា” ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បន្ថែមពីលើមុំទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដែលមានស្រាប់ មាន “មនុស្ស ទឹក ផ្លូវ ភ្លើង” រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតក្របខណ្ឌគោលនយោបាយសង្គម សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយ គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨)។

យុទ្ធសាស្រ្តនេះមានគោលបំណងជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានគេស្គាល់ថាជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ដើម្បីសម្រេចបាននូវគោលដៅរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់យកអាទិភាពគន្លឹះ សំខាន់ៗចំនួន៥ ដោយរួមបញ្ចូល បច្ចេកវិទ្យាឌីជីថល ជាអាទិភាពថ្មីមួយទៀតបន្ថែមលើ មនុស្ស ផ្លូវ ទឹក និងភ្លើង។ អាទិភាពផ្នែកបច្ចេកវិទ្យាផ្តោតជាចម្បងលើការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីភ្ជាប់ទំនាក់ទំនងគ្នា ជាមួយសសរស្តម្ភផ្សេងទៀតនៃយុទ្ធសាស្ត្រ ៕

បន្ទាប់ពីបានចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមជាអធិបតីភាព ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ រួមមាន៖ ១/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍នៃសាធារណរដ្ឋប្រជាមានិតឡាវ។ ២/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ។ ៣/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ។ និង៤/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)៕