ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅភូមិសាស្ត្រខេត្តពោធិសាត់ ជាពិសេសបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង។ កិច្ចប្រជុំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់។
ក្នុងនោះ ឯកឧត្តម អ៊ាង សុផល្លែត បានផ្តល់ជូនថវិកាមុនតាមសំណូមពររបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ជូនថវិកាចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ (សរុបថវិកា ២០០លានរៀល និងប្រេងសាំង ២០,០០០លីត្រ) សម្រាប់កម្លាំងចុះប្រតិបត្តិការការពារការកាប់ទន្ទ្រានដីរដ្ឋ ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖ ១) ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស ២) ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ ៣) បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង៤) ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០៕
អត្ថបទ៖ អក្ខរា