ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្រោមការចាត់តាំងដោយផ្ទាល់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមអធិការកិច្ចពិសេសដែលមាន ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិត ធិន វុត្ថា នាយករងខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោក ប៊ុន ច័ន្ទកុម្ភៈ អធិការ ចុះអធិការកិច្ច ដើម្បីពិនិត្យ និងស្រាវជ្រាវស្វែងរកការពិតក្នុងសំណុំរឿងជម្លោះដីធ្លីនៅខេត្តព្រះវិហារ ដែលក្នុងជម្លោះដីធ្លីនេះ ឈានទៅដល់មានការឃាត់ខ្លួនប្រជាពលរដ្ឋទៀតផង។
ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ជាលទ្ធផលនៃការចុះធ្វើអធិការកិច្ចក្នុងសំណុំរឿងនេះ ក្រុមការងារអធិការកិច្ចពិសេស បានទទួលលទ្ធផលជាទីគាប់ប្រសើរ ដោយបានដោះស្រាយបញ្ចប់នូវវិវាទបានយ៉ាងឆាប់រហ័ស និងមានការសាទរយ៉ាងកក់ក្តៅ និងពេញចិត្តពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ចំពោះករណីជម្លោះដីធ្លីនៅខេត្តព្រះវិហារនេះ ក្រុមការងារអធិការកិច្ចដែលដឹកនាំដោយឯកឧត្តម អ៊ូ រ៉ាស៊ី ធ្លាប់បានចុះធ្វើអធិការកិច្ច និងបានសម្របសម្រួលដោយជោគជ័យជូនប្រជាពលរដ្ឋទាំង ១៣ គ្រួសារនេះ ម្តងរួចមកហើយ ក្នុងសំណុំរឿងផ្សេងមួយទៀត ដែលត្រូវបានដោះស្រាយបញ្ចប់នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ៕