មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបមា បានឲ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វាដូចជា យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងកណ្សិណទឹកដើម្បីថតរូបកម្សាន្ត ក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន នៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។
យោងតាមច្បាប់ស្ដីពីព្រៃឈើមាត្រា៤៨ ចែងថា ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រ ឬបំផ្លាញជម្រករបស់វា។
មន្ទីរកសិកម្ម បានបញ្ជាក់ថា ទង្វើអសីលធ៌មក្នុងការយាយី ការធ្វើទារុណកម្ម ធ្វើឱ្យរបួសសត្វស្វាជាអំពើខុសច្បាប់ដែលត្រូវផ្តន្ទា ទោសតាមច្បាប់ស្តីពីព្រៃឈើ។ មន្ទីរកសិកម្មខេត្ត សហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការស៊ើបអង្កេតលើករណីជនខិលខូចមួយក្រុមតូចបានយាយីធ្វើឱ្យរបួសសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ អក្ខរា