សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលជាបុត្រីពៅរបស់ព្រះបរមរតនកោដ្ឋ និងព្រះអង្គមា្ចស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះលេខាផ្ទាល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជ្រើសតាំងជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ពីកូតាព្រះបរមរាជវាំង។
ក្នុងព្រះរាជលិខិតរបស់ព្រះបរមរាជវាំងចុះថ្ងៃទី៤ ខែមីនា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី បានមានព្រះរាជចំណារថា «ខ្ញុំសូមចាត់តាំង ទី១ សម្ដេច អរុណរស្មី និងទី២ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ» ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៥ ខែមីនា បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងនោះគណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈព្រឹទ្ធសភាចំនួន៥៥ និងគណបក្សឆន្ទៈខ្មែរឈ្នះបាន ៣អាសនៈ ក្នុងចំណោមអាសនៈសរុប៦២។
ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភាគឺឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលីម រួមនឹងសមាជិកព្រឹទ្ធសភា ២រូបទៀត ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ៕