បំភ្លឺ «មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់….និងសូមប្រគល់ដីនេះជូនកងទ័ពវិញ»

រដ្ឋបាលខេត្តកោះកុង ចេញសេចក្តីបំភ្លឺព័ត៌មានករណី វីដេអូររបស់បុគ្គលជាទាហាន ឈោ្មះ ជា ម៉ៅ បាននិយាយថា «មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់….និងសូមប្រគល់ដីនេះជូនកង ទ័ពវិញ»។

រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ២០២៤ គេហទំព័រហ្វេសប៊ុក រាជសីហ៍ឦសាន.RSE-News បានផ្សព្វផ្សាយវីដេអូរ ដោយភ្ជាប់នឹងសំណេរថា “ឈឺចាប់ណាស់ហើយ ខំការពារជាតិរាប់ឆ្នាំ ចុងក្រោយសូម្បីតែដីខ្លួនឯងការពារសឹងតែមិនបាន ដំបូងថាដីរដ្ឋ បើ រដ្ឋមែនវាមិនអីទេ តែចុងក្រោយក្លាយជាប្លង់រឹងរបស់អ្នកដទៃទៅវិញ អ្នកណាមិនឈឺចាប់» និងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ មានការផ្សព្វផ្សាយតាមរយៈតិកតុក (tiktok) មានគណនីឈ្មោះ សារិកាមាស និងបណ្ដាញសង្គមនានា ដោយភ្ជាប់នឹងសំណេរថា « សូមរាជរដ្ឋាភិបាលមេត្តាយោគយល់ដល់ការស្នើសុំរបស់ពួកគាត់ផង ខ្មែរត្រូវ ចេះជួយខ្មែរ សូមកុំយកខ្មែរដូចគ្នាជាសត្រូវជាតិខ្មែរលំបាកយូរមកហើយ ទើបទទួលបានសុខសន្តិភាព ដូច្នេះ យើងត្រូវរក្សាការពារសុខសន្តិភាពឱ្យបានល្អបំផុត» ។

នៅក្នុងវីដេអូរដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមខាងលើនេះ គឺបុគ្គលជាទាហានម្នាក់ ឈ្មោះ ជា ម៉ៅ បាននិយាយថា «មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់….និងសូមប្រគល់ដីនេះជូនកង ទ័ពវិញ»។

ចំពោះករណីនេះ រដ្ឋបាលខេត្តបញ្ជាក់ថា ដីដែលបុគ្គលជាទាហានឈ្មោះ ជា ម៉ៅ (តាមការ អះអាងរបស់អ្នកស្គាល់) បានលើកឡើងក្នុងវីដេអូរនេះ មានទីតាំងស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ រដ្ឋបាលខេត្តបញ្ជាក់ថា នៅមុនឆ្នាំ២០២១ ដីនេះស្ថិតនៅក្នុងតំបន់ការពារ ធម្មជាតិគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយនៅពេល ដីនេះស្ថិតនៅក្នុងតំបន់ការពារ និងមិនឱ្យមានការកាន់ កាប់ពីប្រជាពលរដ្ឋ ប៉ុន្តែមានក្រុមទាហានដែលមានស្នាក់ការនៅក្បែរដីនេះ បានចូលទៅកាប់ឆ្ការព្រៃ ទន្ទ្រាន កាន់កាប់ដីនៅក្នុងតំបន់ការពារនេះ។ ក្រោយមក នៅឆ្នាំ២០២១ ទីតាំងដីនេះ ត្រូវបានកាត់ផ្ទៀលចេញពីតំបន់ ការពារធម្មជាតិ តាមរយៈអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីមានការកាត់ឆ្កៀលដីនេះ និងនៅពេលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុមការងារនៃមន្ដ្រីជំនាញរបស់មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានចុះបញ្ជីដីស្នាក់ការរបស់ទាហាន ជាសម្បត្តិរបស់រដ្ឋ គ្រប់គ្រងដោយទាហាន និងដីដែលនៅសល់ ចុះបញ្ជីដីជូនប្រជាពលរដ្ឋដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ នៅដំណាក់កាលបិទផ្សាយទិន្នន័យក្បាលដី មានទាហានមួយក្រុមបានដាក់ពាក្យបណ្តឹងមករដ្ឋបាលខេត្ត ដោយ ជំទាស់មិនឱ្យចេញប័ណ្ណនៃដីនេះជូនប្រជាពលរដ្ឋ ហើយករណីនេះ រដ្ឋបាលខេត្តបានព្យាយាមដោះស្រាយដោយផ្តល់ដីមួយចំនួនជូនពួកគាត់ (ទាហាន) ប៉ុន្ដែពួកគាត់ មិនយល់ព្រមទទួលយក និងនៅតែរក្សាចិត្តចង់បានដីនៅ ត្រង់ទីតាំងនេះ។

រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ការទាមទារ ការចង់បានដីរបស់អ្នកដទៃបែបនេះ គឺជាការចង់បានទាំងបំពាន និងរំលោភសិទ្ធិអ្នកដទៃ៕