អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចេញមកសម្តែងការសោកស្តាយចំពោះគណនីហ្វេសប៊ុកមួយចំនួនផុសនិងចែកចាយព័ត៌មានប្រឌិតក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្មនៅកម្ពុជានាពេលថ្មីៗនេះ។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ធ្វើបាបកសិករម្ល៉េះ»៖ សុំសួរបន្តិច តើបងប្អូនប៉ុន្មាននាក់ដែលបានឃើញការផុសមួយនេះ? មានមនុស្សប្រហែល៣មុឺននាក់ បានចែករំលែករូបភាពមួយនេះ និងជិត១០មុឺននាក់ ដែលបានចុចLikes ក្នុងនោះក៏មានមិត្តភ័ក្តិខ្ញុំជាច្រើននាក់ផងដែរ។ ហើយបើស្មានមិនខុសទេ អាចនៅមានមនុស្សរហូតដល់ខ្ទង់លាននាក់ទៀត ដែលបានឃើញរួចហើយក៏គិតថាវាគ្រាន់តែជាបញ្ហាមួយនៅក្នុងសង្គម បានត្រឹមតែមើលហើយក៏អូសរំលង។
ចុះបើខ្ញុំប្រាប់ថា រូបភាពនេះគឺជារូបភាពដែលត្រូវបានគេប្រឌិតឡើងទៅវិញ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? តើមានមនុស្សប៉ុន្មាននាក់ ដែលបានក្លាយជាឧបករណ៍របស់ក្រុមពួកអ្នកបង្កើតមាតិកាព័ត៌មានដើម្បីឱ្យគេចុចLikesនិងShares និងគ្រាន់តែដើម្បីយកViews និងប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់ និងការជះឥទ្ធិពលជាអវិជ្ជមានដល់សង្គមជាតិ? ប្រសិនបើពេលថ្មីៗនេះអ្នកបានចុចLikesនិងSharesរូបភាព ដែលច្រើនមានគូសរង្វង់មូលព៌ណក្រហមពីលើ និងមានសញ្ញាទ្រុងជ្រូក(Hashtag #)ចម្លែកៗ អ្នកប្រហែលជាជនរងគ្រោះដោយមិនដឹងខ្លួននៃការផ្សព្វផ្សាយក្នុងគោលបំណងបែបនេះហើយ។ ផេកនេះគ្រាន់តែជាឧទាហរណ៍ជាក់ស្តែងមួយតែប៉ុណ្ណោះ នៅមានករណីស្រដៀងគ្នានេះផ្សេងៗទៀត ដែលបានយកកសិកម្ម និងបញ្ហាសង្គមនានា មកធ្វើជាចំណុចទាក់ទាញចំណាប់អារម្មណ៍ ក្នុងគោលបំណងគ្រាន់តែដើម្បីប្រជាប្រិយភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ តួយ៉ាង ដូចជាករណីផ្សព្វផ្សាយរូបភាពធ្វើឱ្យមានការភ័ន្តច្រលំថាជាបឹងទន្លសាបទាំងមូល នៃការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់នៅតំបន់កន្លុកបាយក្អែក នៅឃុំផាត់សណ្តាយកាលពីពេលថ្មីៗនេះ ជាដើម។
លោកបន្ថែមថា លោកមិនបានបដិសេធថាវិស័យកសិកម្មគ្មានបញ្ហានោះទេ ហើយក៏ទទួលស្គាល់ថានៅមានរឿងជាច្រើននៅក្នុងវិស័យមួយនេះ ដែលទាមទារឱ្យមានការចូលរួមឱ្យបានទូលំទូលាយ ឈឺឆ្អាល និងជួយដោះស្រាយទាំងអស់គ្នាដែរ តែទង្វើបែបនេះមិនមែនជាការចូលរួមឡើយ។ វាពិតជាគួរឱ្យសោកស្តាយ ក្នុងខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែព្យាយាមដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករយ៉ាងសស្រាក់ស្រាំស្ទើរគ្មានលោះពេលសូម្បីតែមួយថ្ងៃ តែបែរជាមានមនុស្សមួយក្រុមតូចព្យាយាមធ្វើរឿងបែបនេះ បង្កភាពចលាចលមិនចាំបាច់នៅក្នុងសង្គម ដើម្បីកេងយកផលចំណេញផ្ទាល់ខ្លួនយ៉ាងអាត្មានិយមទៅវិញ។
ទន្ទឹមនឹងនេះលោកសង្ឃឹមថា ករណីមួយនេះនឹងក្រើនរំលឹកដល់បងប្អូនសាធារណៈជនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ថ្លឹងថ្លែង និងរង់ចាំផ្ទៀងផ្ទាត់ជាមុនសិន មុននឹងធ្វើការវិនិច្ឆ័យ ឬចែករំលែកព័ត៌មានល្បីណាមួយនៅលើបណ្តាញសង្គម។