ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ សរុបជាង១០០០នាក់ នាល្ងាចថ្ងៃទី៣ ខែមីនានេះ នៅទីក្រុងមែនប៊ន ប្រទេសអូស្ត្រាលី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ឡើងវិញពីការសម្រេចចិត្តមិនអនុញ្ញាតឱ្យដាំកញ្ឆា ដោយបានបញ្ជាក់ថា ដរាបណាសម្ដេចនៅធ្វើនាយករដ្ឋមន្ត្រីគឺមិនអនុញ្ញាតឱ្យដាំកញ្ឆានៅប្រទេសកម្ពុជាឡើយ។
សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ដរាបណាខ្ញុំធ្វើនាយករដ្ឋមន្ត្រី ខ្ញុំមិនឱ្យដាំកញ្ឆានៅស្រុកខ្មែរ»។
សម្ដេចធិបតីបន្តថា នៅប្រទេសខ្លះគេអនុញ្ញាតឱ្យដាំ ដើម្បីបម្រើឱ្យវិស័យសុខាភិបាល ប៉ុន្តែក៏មានប្រទេសខ្លះទៀត ក្រោយពេលអនុវត្តឱ្យដាំហើយ ក៏បែរជាគ្រប់គ្រងលែងបាន ព្រោះចំនួនច្រើនពេក។ ជូនកាលមានអ្នកលួចដាំនៅក្នុងព្រៃ ហើយបន្លំលក់ចេញតាមច្រកដែលគេអនុញ្ញាត។
សម្ដេចធិបតីបានគូសបញ្ជាក់ថា ទោះមិនធ្វើអាជីវកម្មកញ្ឆា កម្ពុជាក៏មិនក្រដែរ តែកម្ពុជាមានតែខិតខំដាំដំណាំផ្សេងទៀត ដូចជាស្វាយ ចេកសម្រាប់នាំចេញ ល្អជាងដាំកញ្ឆា។
ជាមួយគ្នានេះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានលើកយកបទពិសោធន៍មួយនៅប្រទេសសិង្ហបុរី ដែលគេបានរកឃើញថា ក្នុងចំណោមអ្នកញៀនគ្រឿងញៀនប្រមាណ៦០០០នាក់ មាន៤០ភាគរយបានញៀនចេញពីការជក់កញ្ឆាតាំងពីអាយុក្រោម១៨ឆ្នាំ ហើយយូរៗទៅក៏ឈានទៅការប្រើប្រាស់សារធាតុញៀនប្រភេទផ្សេងៗទៀត ដូច្នេះដាច់ខាតកម្ពុជាមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានោះឡើយ៕