ព្រះមហាក្សត្រី៖ បច្ចេកវិទ្យាឌីជីថលដើរតួកាន់តែសំខាន់ ក្នុងការសម្រួលដល់ការទំនាក់ទំនង និងជំរុញពិពិធកម្មសេដ្ឋកិច្ច

សម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានចាត់ទុកថា បច្ចេកវិទ្យាឌីជីថល បានដើរតួកាន់តែសំខាន់ក្នុងការសម្រួលដល់ការប្រាស្រ័យទាក់ទង និងផ្សាភ្ជាប់រវាងប្រទេសនិងប្រទេស សង្គមនិងសង្គម មនុស្សនិងមនុស្ស ព្រមទាំងបង្កើនផលិតភាព និងជំរុញពិពិធកម្មសេដ្ឋកិច្ចថែមទៀត។​ នេះបើយោងតាមព្រះរាជសារ របស់ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិ នារី ៨មិនា ឆ្នាំ២០២៤ ដែលផ្សាយចេញនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤។

នៅក្នុងខ្លឹមសារព្រះរាជសារនោះ ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានសម្តែងនូវការកោតសរសើរ និងគាំទ្រការលើកយកប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» សម្រាប់អបអរសាទរទិវាអន្តរជាតិ នារី នាឆ្នាំនេះ ខណៈប្រធានបទនេះ គឺស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងប្រទេសកម្ពុជាយើង។

សម្តេចម៉ែ មានព្រះរាជបន្ទូលដូច្នេះថា៖«ខ្ញុំ បានកត់សម្គាល់ឃើញថា សម្រាប់កម្ពុជា បរិវត្តកម្មឌីជីថល គឺជាការចាំបាច់ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមទំនើប ដែលមានពលរដ្ឋមានចំណេះដឹង និងជំនាញខ្ពស់ដែលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលដោយប្រកាន់ភ្ជាប់នូវ មនសិការស្នេហាជាតិ រក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ»។

ជាងនេះទៀត៖« បច្ចេកវិទ្យាឌីជីថលដើរតួកាន់តែសំខាន់ក្នុងការសម្រួលដល់ការប្រាស្រ័យទាក់ទង និងផ្សាភ្ជាប់រវាងប្រទេសនិងប្រទេស សង្គមនិងសង្គម មនុស្សនិងមនុស្ស ព្រមទាំងបង្កើនផលិតភាព និងជំរុញពិពិធកម្មសេដ្ឋកិច្ច និងបង្កើតការងារ សំដៅជំរុញ វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមជាតិ និងពិភពលោកឱ្យកាន់តែរីកចម្រើនថែមទៀត»។

សម្តេចម៉ែ មានព្រះរាជបន្ទូលបន្ថែមទៀតថា៖« ជាមួយនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បូកផ្សំនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ បានជំរុញឱ្យបណ្តាប្រទេសនានាក្នុងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងនោះ ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដោយចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រភពកំណើនថ្មីសំដៅឈានទៅសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយ ប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ការណ៍នេះ តម្រូវឱ្យកម្ពុជា ត្រូវរៀបចំខ្លួនជាស្រេចសម្រាប់ការ ឆ្លើយតបនឹងការវិវត្តដ៏ឆាប់រហ័សនេះ ក្នុងនោះប្រជារាស្ត្រត្រូវមានចំណេះដឹងផ្នែកឌីជីថល ដើម្បីក្លាយទៅជាពលរដ្ឋឌីជីថល»។

ជាមួយគ្នានេះ សម្តេចម៉ែ ក៏បានជំរុញលើកទឹកចិត្តឱ្យរាជរដ្ឋា ភិបាល និងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់អនុវត្តន៍ការងារកសាង និងអភិវឌ្ឍន៍សមត្ថភាពស្ត្រីជាបន្តទៀតដើម្បីវិបុលភាព និងសេចក្តី សុខចម្រើនរបស់ជនរួមជាតិយើងផងដែរ។

បើយោងតាមព្រះរាជសារខាងលើនេះដែរ ក៏បានឱ្យដឹងថា យុទ្ធសាស្ត្របញ្ចកោណ ក្នុងដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព គឺបានផ្តោតលើអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ជំនាន់ទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា៕