រដូវប្រាំង២០២៤៖ កម្ពុជា កាន់តែក្តៅហើយស្ងួត ខណៈភ្លៀងធ្លាក់តិចជាងឆ្នាំមុខ

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង​ពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤ ។

ក្រសួងធនធានទឹក បានឲ្យដឹងថា យោងតាមការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ (El Nino) ខ្ពស់ជាង ៧០% នៅបន្តមានឥទ្ធិពលនៅលើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ចាប់​ពីខែឧសភា ឆ្នាំ២០២៤ តទៅ អត្រានៃបាតុភូត អែលនីណូ (El Nino) នឹងថយចុះមកនៅត្រឹម២០% ដោយជំនួសមកវិញនូវស្ថានភាពអព្យាក្រឹត(ENSO-Neutral)។

បើតាមក្រសួងធនធានទឹក តាមការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា នៅរដូវប្រាំង២០២៤ សីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹង បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលកើតឡើងច្រើន។

ដោយឡែក នៅដើមរដូវវស្សា២០២៤ សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយមិន សូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហ​ការប្រើប្រាស់ទឹកដោយ សន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាជនបទដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ៕

អត្ថបទ៖ អក្ខរា